• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្នុងរយៈពេល​៨ថ្ងៃចុងក្រោយ នគរបាលបង្ក្រាបបទល្មេីសគ្រឿងញៀន​១៥០ករណីនៅទូទាំងប្រទេស​ រឹបអូសគ្រឿងញៀនជាង២០គីឡូក្រាម

ភ្នំពេញ ៖ លោក​ ទូច​ សុឃៈ​ (សុខៈ)​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ គិតចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់សមត្ថកិច្ចជំនាញបានបង្រ្កាបបទល្មេីសគ្រឿងញៀនចំនួន​ ១៥០ករណី​ និងឃាត់ខ្លួនជនសង្ស័យ​ ទាំងប្រើប្រាស់និងចែកចាយចំនួន​៣៥៥នាក់​ នៅទូទាំងប្រទេស​ ដេីម្បីចាត់ការតាមនីតិវិធី។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា​ ក្នុងចំណោមចំនួនបង្ក្រាបខាងលើ មានករណីទ្រង់ទ្រាយធំចំនួន​ ២ករណី រួមមាន៖-ខេត្តសៀមរាប​ បង្ក្រាប ថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ឃាត់ខ្លួនមនុស្ស​ ៤នាក់​ ចាប់យកគ្រឿងញៀន​ ១០គ.ក្រ +៦៩០ក្រ។-រាជធានីភ្នំពេញ​ បង្ក្រាប ថ្ងៃទី២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឃាត់ខ្លួនមនុស្ស​ ៤នាក់​ (ជនជាតិវៀតណាម​១នាក់)​ ចាប់យកគ្រឿងញៀន​ ១០គ.ក្រ +២៦០ក្រ​ និងម៉ូតូ​ ៣គ្រឿង។
អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា អនុសាសន៍បញ្ជាដឹកនាំរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា គឺបង្កើនការបង្ក្រាប បង្ក្រាបឱ្យញឹក ឱ្យចំគោលដៅ ពិសេសតំបន់ក្ដៅ។ ទន្ទឹមនេះ បង្កើនការរឹតបណ្ដឹងតាមច្រកព្រំដែនទាំងគោក ទឹក និងអាកាស។ ក្រៅពីនេះ បង្កើតក្រុមត្រួតពិនិត្យធ្វើជារបាំងកាត់ផ្ដាច់ផ្លូវដែលក្រុមជនល្មើសឆ្លងកាត់។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃក៏កំពុងសិក្សាហ្វឹកហ្វឺនសុនខហឹតគ្រឿងញៀនផងដែរ។
បន្ថែមពីនេះទៅទៀត លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រំលឹកថា​ បញ្ហាគ្រឿងញៀន​ ជាចំណុចរសេីបមួយ​ ដែលសម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល​លោកដាក់ទិសដៅ និងក្រសួងមហាផ្ទៃ​ ដែលមាន​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី បានកំណត់យកជាអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦របស់ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះ៕