• Cambodia Peace Channel

សៀង ចន្ធា ៖ មុនចូលលេង Felix បានប្រាប់អំពីតិចនិកនៃការលេង សំខាន់បំផុតគាត់ប្រាប់ថាត្រូវរកគ្រាប់បាល់ឲ្យគាត់ឲ្យបាន

ភ្នំពេញ៖ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា”ខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនទែន បន្ទាប់ពីខ្ញុំរកគ្រាប់បាល់ដំបូងសម្រាប់ការលេងឲ្យឈុតធំ និយាយរួមពេលខ្ញុំស៊ុតចូល រំភើបខ្លាំង គ្មានអ្វីប្រៀបផ្ទឹមបាន។មុនចូលលេង(Felix)គាត់បានប្រាប់អំពីតិចនិកនៃការលេង សំខាន់បំផុតគាត់ប្រាប់ថា ត្រូវរកគ្រាប់បាល់ឲ្យគាត់ឲ្យបាន“។

ការលើកឡើងរបស់ សៀង ចន្ធា បែបនេះ ក្រោយខ្សែប្រយុទ្ធសាលាបាល់ទាត់ជាតិបាទីរូបនេះ រកគ្រាប់បាល់ដំបូងបាន ១គ្រាប់នៅនាទី៨២ មុនគ្រូបង្វឹកផ្លាស់ប្តូររូបគេចូលលេងជំនួសកីឡាករ សេត រ៉សុីប នៅតង់ទី២។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាផងដែរ ដែលបានចំណាយពេលវេលាដ៏តម្លៃមកទស្សនានៅកីឡដ្ឋានជាតិដោយផ្ទាល់ ទោះបីមានភ្លៀងធ្លាក់បែបណាក៏ដោយ។

សូមជម្រាបថា គោព្រៃកម្ពុជាបានយកឈ្នះជម្រើសជាតិប៉ាគីស្ថានក្នុងលទ្ធផល ២ទល់នឹង០ នៅជើងទី១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតា រកបានដោយកីឡាករ សៀង ចន្ធា និងគួច សុកុម្ភៈ នៅនាទីទី៨៦៕

ដោយ៖ស៊្រីប ឡានី