• Cambodia Peace Channel

Liverpool ល្អទាំងគ្រូ ទាំងសិស្សហ្មង! Klopp ឈ្នះពានគ្រូឆ្នើម ៥ដងក្នុងមួយរដូវកាល និងមានភាគរយខ្ពស់ឈ្នះ Premier League រដូវកាលនេះ

អង់គ្លេស៖ក្រុមហង្សក្រហម Liverpool រដូវកាល ២០១៩-២០២០ នេះ បានបង្ហាញទម្រង់ដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក Jurgen Klopp ដោយក្រុមនេះបាននិងកំពុងធ្វើអោយពិភពលោកមានការកោតសរសើរយ៉ាងខ្លាំង តាំងពីហង្សក្រហមបានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងដី លទ្ធផល ៤ទល់នឹង០ និងលើកពានរង្វាន់ទ្វីបអឺរ៉ុប Champions League លើក​ទី​៦ រដូវកាល២០១៨​-២០១៩ រួច​បន្ត​ឈ្នះ​ពាន Super Cup លើក​ទី​៤ និង​ FIFA Club World Cup លើក​ដំបូងមក។

រដូវរដូវកាល ២០១៩-២០២០ នេះវិញ អ្នកចាត់ការទូទៅរបស់ហង្សក្រហម ក៏ដូចជាសមាជិកក្រុមទាំងមូលបានដាក់គោលដៅរួចជាស្រេចហើយ គ្រោងនឹងលើកពានរង្វាន់ក្របខណ្ឌលីគអង់គ្លេស Premier League ក្រោយខកខានជាង ៣០ឆ្នាំមកនេះ។ ឆ្លងកាត់ប្រកួត ២៥ប្រកួត ឈ្នះ ២៤ប្រកួត និងស្មើ ១ប្រកួត ដោយមិនទាន់រសជាតិចាញ់ ហើយក៏ពិបាកនឹងមានក្រុមណាមកផ្អាកក្រុមនេះមិនឲ្យឈ្នះទេ ក្រោយវ៉ាដាច់​ក្រុម​លេខ​២​ ចំនួន​ ២២​ពិន្ទុ​ ខណៈ​ពួកគេ​ត្រូវ​ការ​ជ័យ​ជម្នះ ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន។

ស្របពេលជោគជ័យដ៏អស្ចារ្យ​ និងធ្វើអ្នកស្នេហាវិស័យកីឡាបាល់ទាត់រឹតតែស្គាល់ច្បាស់ពីក្រុម​​ Liverpool នេះ លោក Klopp ដើរតួនាទីយ៉ាងសំខាន់ ចំពោះការលើកទឹកចិត្ត និងជម្រុញដល់កូនក្រុមខិតខំហ្វឹកហាត់ និងការហាមសមាជិកក្រុមប៉ះពាល់ផ្លាកសញ្ញា នៅកីឡដ្ឋាន The Anfiled ដោយបញ្ជាក់ថា មិនសាកសមដល់វីរបុរសរបស់ក្លិប បើសិនណាមិនបានឈ្នះពាន។ ការលើកទឹកចិត្តរបស់គ្រូបង្វឹករូបនេះ ជាចិត្តសាស្ត្រ និងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការនាំក្រុមមកដល់ចំណុចកំពូលនៅរដូវកាលនេះ។

ថ្មីៗនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ នាំយកខ្សែបម្រើប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ Takumi Minamino ក្រោយកីឡាកររូបនេះបង្ហាញទម្រ់លេងយ៉ាងល្អនៅ Champions League រដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធរូបនេះ បានកោតសរសើរគ្រូបង្វឹកលោក Klopp ថា ពូកែលើកទឹកចិត្តដល់កូនក្រុម និងមានយុទ្ធសាស្ត្រច្បាស់ៗ ដែលជាផ្នែកមួយជម្រុញក្រុមកាន់តែខ្លាំងឡើងៗ ខណៈក្លិបមានកីឡាករល្អៗ ពេញជើង ទាំងតំបន់ប្រយុទ្ធ តំបន់បម្រើ និងតំបន់ការពារ រួមទាំងអ្នកចាំទីផងដែរ។

​អាថ៌កំបាំង​នៅ​ពី​ក្រោយនៃ​ភាព​ជោគជ័យ​នេះ​ អាច​និយាយ​បាន​ថា​ជា​ចិត្ត​សាស្ត្រ​ដ៏​ឆ្លាតវៃ​របស់​ Klopp។ កាល​ពី​ដើម​រដូវ​កាល​ Liverpool ​លេង​ចាញ់​ Manchester City ដោយ​បាល់​ប៉េណាល់ទី​នៅ​ពាន Community Shield។ Jurgen Klopp មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ចូល​ក្នុង​ដាច់​ខាត​​ លោក​បញ្ជា​ឲ្យ​ម្នាក់​ៗ​ឈរ​មើល​សមាជិក​ Manchester City លើក​ពាន​ដើម្បី​ឲ្យ​ពួកគេ​រង​ការ​ឈឺចាប់​ និង​ខិតខំ​ប្រឹងប្រែង​ឡើង​វិញ ថា​មិន​ត្រូវ​ពួកគេ​អាច​លើក​ពាន​មាស​ក៏​ថា​បានដែរនារដូវកាលនេះ។

សូមជម្រាបថា អ្នក​ចាត់ការ​ក្លិប​ហង្ស​ក្រហម​រូប​នេះ​ បាន​ឈ្នះ​ពាន​រង្វាន់​កំពូល​អ្នក​ដឹក​នាំ​ Premier League ប្រចាំ​ខែ​ ជា​លើក​ទី​៥​​មក​ហើយ​ បន្ទាប់​ពី​លោក​ បាន​ឈ្នះ​ពាន​នេះ​ជាប់​ៗ​គ្នា​តាំង​ពី ខែ​សីហា​ ឆ្នាំ ២០១៩​មក​ ។  ហើយការ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ​ គឺ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ Klopp ក្លាយ​ជា​អ្នក​ចាត់ការ​ដំបូង​បំផុត​​ឈ្នះ​ពាន​គ្រូ​ឆ្នើម​ ៥ដង​ក្នុង​មួយ​រដូវ​កាល​៕