• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ឌុបកូនស្រីមកកម្សាន្តក្នុងតំបន់បឹងកក់ តែសំណាងមិនល្អត្រូវក្រុមជនសង្ស័យស្ទាក់វាយប្លន់យកម៉ូតូ

ភ្នំពេញ៖ករណីប្លន់បានកើតមានឡើងជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈពលរដ្ឋកំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ពួកគាត់ ។

ជាក់ស្ដែងកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បុរសម្នាក់ព្រមទាំងកូនស្រីអាយុប្រហែល១ខួបកន្លះ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូបានសម្រេច នៅចំណុចជិតរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ រូបខ្លួនបានជិះម៉ូតូ PCX ពណ៌ស ស៊េរីឆ្នាំ២០២២ ដែលមានស្លាកលេខ ភ្នំពេញ 1JW-4567 ធ្វើដំណើរតាមបណ្តោយផ្លូវបឹងកក់ ឆ្ពោះទៅកាន់ប៉ែកខាងមុខនៃរ៉ូយាល់ត្រេនស្វែរ ដោយឌុបកូនស្រីរបស់ខ្លួន ខណៈពេលកំពុងឌុបកូនដល់ចំណុច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានក្រុមជនសង្ស័យជិះម៉ូតូ ADV និងម៉ូតូហុងដាឌ្រីម ជិះមកជិតគាត់ ដោយធ្វើសកម្មភាពវាយក្បាលគាត់ពីក្រោយ ភ្លាមៗនោះបុរសរងគ្រោះបានលោតចេញពីម៉ូតូដោយអោបកូនស្រីរបស់គាត់ជាប់ ដោយខ្លាចមានរបួស ទើបជនសង្ស័យឆ្លៀតឱកាសយកទាំងម៉ូតូ និងទូរស័ព្ទបានសម្រេច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបាននាំជនរងគ្រោះនិងកូនស្រី ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកក្រុមជនបង្កមកអនុវត្តតាមនីតិវិធីច្បាប់៕