• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសាកសពជនសង្ស័យម្នាក់អណ្ដែតទឹក ក្រោយព្យាយាមរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច

ភ្នំពេញ ៖ ប្រទះឃើញសាកសពជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទរបស់អ្នកដំណើរតាមដងផ្លូវ រួចព្យាយាមរតគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច  បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៩ និង ២០នាទីព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចច្រាំងទន្លេព្រែកតាសេក ភូមិព្រែកតាឯក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពជនសង្ស័យមានឈ្មោះ ហែល ដារ៉ា អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាដក ។

តាមប្រភពព័ត៏មានបានអោយដឹងថា គ្រួសារសាច់ញ្ញាត្តិរបស់សពបានធ្វើការដើររកសពខាងលើនេះអស់ចំនួន០២-០៣ថ្ងៃហើយ ទើបមកដល់ព្រឹកថ្ងៃទី១០ ខែមីនានេះ ក៏ទទួលបានព័ត៏មានថា មានប្រជាពលរដ្ឋបានប្រទះឃើញសពអណ្តែតនៅចំណុចច្រាំងទន្លេព្រែកតាសេក ។ ភ្លាមៗ គាត់បានប្រញាប់មកមើល នៅចំណុចកើតហេតុ ក៏បានមើលសពរួច និងបានចំណាំខោអាវ និងបានបញ្ជាក់ថាសពនេះពិតជាសពក្មួយរបស់គាត់មែន ទើបគាត់ធ្វើការរាយការណ៏ជូនសមត្ថកិច្ចអោយជួយចុះត្រួតពិនិត្យផងដែរ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤កន្លងទៅ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានប្រទះឃើញបទល្មើសជាក់ស្តែង ដោយជនសង្ស័យ០២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីបុរសចំណាស់ម្នាក់តែមិនសម្រេច ក៏ត្រូវបានសមត្ថកិច្ចប្រដេញរហូតទៅដល់ស្តុបផ្សាររាត្រី ។ ខណៈនោះជនសង្ស័យទាំង០២នាក់ គិតថាខ្លួនមិនអាចរត់រួច ក៏សម្រេចផ្តួលម៉ូតូចោល ទុកនៅនិងកន្លែងកើតហេតុរួចរត់ចុះទៅមាត់ច្រាំងទន្លេ ដើម្បីលោតទឹកក្នុងគោលបំណង ហែលគេចខ្លួន ។ លុះ០៥នាទីក្រោយ ប្រជាពលរដ្ឋឃើញជនសង្ស័យម្នាក់ ហែលបកក្រោយរួចស្រែកអោយគេជួយ តែជាអកុសលប្រជាពលរដ្ឋ បម្រុងនិងចុះជួយទៅហើយ ជនសង្ស័យខាងលើ ក៏លេចបាត់ ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលហែលទៅដល់កណ្តាលទន្លេក៏លេចបាត់ខ្លួនម្នាក់ទៀតបាត់ស្រមោលតែម្តង ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចក្ខុនិងកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសព និងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕