• Cambodia Peace Channel

កីឡាករប្រណាំងកង់របស់កម្ពុជាត្រៀមចូលរួមប្រកួតក្នុងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាទោចក្រយានកំពុងបង្កើនការហ្វឹកហាត់ ដល់ក្រុមកីឡាករជម្រើសជាតិរបស់ខ្លួនចំនួន ៦នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមបញ្ជាក់របស់ផេកហ្វេសប៊ុក ស៊ីហ្គេម ២០២៣ នាថ្ងៃទី១១ ខែកញ្ញា នេះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន ឲ្យដឹងថា កីឡាករប្រណាំងកង់ទាំង៦ នាក់កំពុងបោះជំរុំហ្វឹកហាត់នៅតាមបណ្តាខេត្តមួយចំនួន រួមមាននៅខេត្តសៀមរាប ខេត្តកែប និងលើភ្នំបូកគោ ខេត្តកំពត ដើម្បីបង្កើនកម្រិតបច្ចេកទេសឲ្យកាន់តែល្អប្រសើរសម្រាប់ត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងស៊ីហ្គេមចុងឆ្នាំ ២០១៩នេះ។

សូមជម្រាបថា ប្រភេទកីឡាប្រណាំងកង់នេះ ស្ថិតនៅក្នុងប្រភេទកីឡាទាំង៣០ ដែលក្រសួងអប់រំ យុវជន និងកីឡាបានត្រៀមសម្រាប់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ៕