• Cambodia Peace Channel

Paul Pogba ៖ ជាមូស្លីមធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អប្រសើរ សាសនាឥស្លាមគឺស្រស់ស្អាតខ្លាំងណាស់

អង់គ្លេស៖ខ្សែបម្រើប្រយុទ្ធរបស់បិសាចក្រហម Manchester United កីឡាករ Paul Pogba បាននិយាយថា ការក្លាយខ្លួនជាមូស្លីមជនបានជួយគាត់នូវសន្តិភាពផ្លូវចិត្ត ផ្លូវកាយ និងជួយគាត់ឲ្យក្លាយជាបុគ្គលល្អមួយរូបផងដែរ។

ខ្សែបម្រើជម្រើសជាតិបារាំងដែលទើបតែជួយក្រុមឈ្នះពានបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយកាសែតអង់គ្លេស The Times’ Life Time ថា រូបគេមិនដែលបានកាន់ខ្ជាប់នូវជំនឿសាសនាឥស្លាមទៀងទាត់នោះឡើយកាលនៅកុមារភាព។

ខ្សែបម្រើរូបនេះបានបន្តទៀតថា ម្តាយរបស់ខ្ញុំ គាត់បានប្រតិបត្តិតាមសាសនាឥស្លាម ប៉ុន្តែគាត់មិនដែលបានចិញ្ចឹមកូនប្រុសទាំងបីរបស់គាត់ឲ្យដូចជាជនមូស្លីមដែលប្រតិបត្តិតាមសាសនាឥស្លាមនោះឡើយ។ ខ្ញុំបានចាប់អារម្មណ៍នឹងឥស្លាមនៅពេលធំពេញវ័យតាមរយៈមិត្តភក្តិ បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន ហើយខ្ញុំប្តេជ្ញាចិត្តអនុវត្តន៍តាមសាសនាឥស្លាម។

ខ្សែបម្រើសញ្ជាតិបារាំងរូបបានពន្យល់អំពីដំណើររឿងនៃការជឿជាក់សាសនាឥស្លាមថា”ការមានទំនាក់ទំនងល្អជាមួយមិត្តភក្តិជាសាសនិកឥស្លាមធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់អំពីសាសនាឥស្លាម។ ពួកយើងតែងតែនិយាយគ្នាអំពីឥស្លាម ហើយខ្ញុំបានសួរខ្លួនឯងនូវរឿងរ៉ាវជាច្រើន។ បន្ទាប់មកខ្ញុំព្យាយាមស្រាវជ្រាវ ដោយមានពេលមួយនោះ ខ្ញុំបានថ្វាយបង្គំ ឬធ្វើអធិដ្ឋានជាមួយមិត្តភក្តិ ហើយមានអារម្មណ៍ប្លែក។ លោកបន្ថែមថា ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែបន្តធ្វើវាជាប្រចាំ“។

បើតាមការចុះផ្សាយនៅលើគេហទំព័រ Dailysabah កីឡាករ Paul Pogba បានលើកឡើងថា តាមការកត់សំគាល់របស់ខ្ញុំឃើញថា សាសនាឥស្លាមត្រូវបានគេយល់ច្រឡំយ៉ាងខ្លាំងពីមហាជន ដោយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមិនបានបកស្រាយឲ្យទូលំទូលាយ ត្រឹមត្រូវតាមសាសនាទេ ខ្ញុំយល់ឃើញថា”សាសនាឥស្លាម គឺស្រស់ស្អាតខ្លាំងណាស់“។

លោកបានបន្តទៀតថា ឥស្លាមជាសាសនាមួយដែលបើកគំនិតរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំក្លាយជាមនុស្សល្អប្រសើរជាងមុន។ សាសនាឥស្លាមបង្រៀនឲ្យសាសនិកឥស្លាមគ្រប់រូប គោរពនឹងឲ្យតម្លៃចំពោះមនុស្សជាតិទាំងអស់ មិនថាជាសាសនិកឥស្លាម ឬមិនមែនជាសាសនិកឥស្លាមនោះទេ។ នៅក្នុងការទំនាក់ទំនងជាមួយអ្នកដទៃផងដែរ សាសនិកឥស្លាមគួរតែគោរព និងឲ្យតម្លៃអ្នកដទៃ មិនថាគេគោរពកាន់សាសនាអ្វី ពណ៍សម្បុរអ្វីនោះឡើយ។

សូមជម្រាបថា Paul Pogba តែងតែទៅបំពេញធម្មយាត្រាហាជ្ជីអ៊ុរ៉ោះជារឿយៗ ជាក់ស្តែងកាលពីខែមុន កីឡារកររូបនេះបានទៅបំពេញធម្មយាត្រាហាជ្ជីអ៊ុរ៉ោះនៅទីក្រុង ម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្រោយរូបគេបានបំពេញកាតព្វកិច្ចជួយក្លិបបិសាចក្រហម Manchester United បញ្ចប់រដូវកាល Premier League សម្រាប់ឆ្នាំ២០១៩ រួចមក៕

ដោយ៖ស្រ៊ីប ឡានី