• Cambodia Peace Channel

KEISUKE HONDA ៖ មានមហិច្ឆតាចង់បង្ហាញឲ្យពិភពលោកបានស្គាល់ច្បាស់នូវអ្វីដែលល្អៗពីកម្ពុជា

ភ្នំពេញ៖វិស័យកីឡាបាល់ទាត់កម្ពុជា ហាក់ដូចជាមានភាពលេចធ្លោឡើងវិញ បន្ទាប់ពីគោព្រៃកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថានយ៉ាងត្រចេះត្រចង់ទាំងក្នុងទឹកដី និងក្រៅទឹកដី ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក KEISUKE HONDA និងគ្រូបង្វឹកលោក FELIX G.DALMAS។

ទាំងនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅនឹកឃើញពីគោលបំណងចម្បងរបស់អ្នកចាត់ការ HONDA មុនពេលលោកសម្រេចចិត្តមកដឹកនាំគោព្រៃកម្ពុជា។ វត្ថុបំណងធំ ២របស់អតីតជម្រើសជាតិជប៉ុន គឺលោកចង់បង្កើតរបៀបលេងរបស់ជម្រើសជាតិកម្ពុជាឲ្យច្បាស់លាស់ ទោះបីលោកធ្លាប់គិតវាជារឿងពិបាកក្នុងការរៀបចំ។

ជាមួយគ្នានេះដែរ វីរៈបុរសអតីតជម្រើសជាតិជប៉ុនរូបនេះ មានមហិច្ឆតាចង់បង្ហាញ និងផ្សព្វផ្សាយអ្វីល្អៗរបស់កម្ពុជា ឲ្យពិភពលោកបានស្គាល់កាន់ច្បាស់ ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោកជាដើម។ ទាំងនេះជាអ្វីដែលអ្នកចាត់ការគោព្រៃកម្ពុជាបាននឹងកំពុងតែធ្វើ ទាំងឆន្ទៈ និងដោយទឹកចិត្ត។

សូមជម្រាបថា កន្លងមកអតីតជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការជម្រើសជាតិកម្ពុជា បាននឹងកំពុងជំរុញលើកទឹកចិត្តយុវជន ឲ្យមានសេចក្តីក្លាហាន និងផ្តល់កម្លាំងចិត្តដល់ពួកគេតាមរយៈបាល់ទាត់ នៅតាមបណ្តាសាលារៀន និងសាលាបាល់ទាត់នានានៅកម្ពុជា ដើម្បីឲ្យមានអនាគតល្អ និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕

ដោយ៖ស្រ៊ីប ឡានី