• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ម្ដាយជនបង្កបើករថយន្តម៉ាកJeepប្ដឹងប្រពន្ធ និងក្រុមគ្រួសារជនរងគ្រោះពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ

ភ្នំពេញ៖បន្ទាប់ពីករណីរថយន្ដទំនើប ម៉ាក Jeep បើកបុកកីឡាករវៃសីជម្រើសជាតិម្នាក់ស្លាប់ នៅខណ្ឌទួលគោកកាលពីពេលថ្មីៗកន្លងទៅ ចោលប្រពន្ធ និងកូនតូចឲ្យនៅកំព្រា ស្រាប់តែនៅពេលថ្មីៗកន្លងមកនេះម្តាយរបស់ជនបង្កបានដាក់ពាក្យប្តឹងប្រពន្ធសព និងសាច់ញាតិជនរងគ្រោះសរុប៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណាៈ»នេះបើតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។

ដើមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) បានប្ដឹងទៅលើប្រពន្ធ និងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសាររថយន្ដបុកស្លាប់ទៅវិញ។ ប្រពន្ធ និងសាច់ញាតិដែលត្រូវម្ដាយជនបង្កប្ដឹងទៅតុលាការនោះ សរុបចំនួន៤នាក់ រួមមាន៖ ទី១៖ឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រពន្ធជនរងគ្រោះ), ទី២៖ឈ្មោះ សំរិទ្ធ សារុន ភេទប្រុស (ឪពុកធំជនរងគ្រោះ), ទី៣៖ឈ្មោះ សៀង មួយអេង ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ) និងទី៤៖ឈ្មោះ សៀង សេរីរដ្ឋា ភេទស្រី (ប្អូនបង្កើតជនរងគ្រោះ)។ ក្នុងដីកានោះ បានបញ្ជាក់ទៀតថា ធ្វើឡើងតាមបណ្ដឹងឈ្មោះ សុខ លីណា (ម្ដាយជនបង្ក) ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ», «បរិហាកេរ្ដិ៍តាមសារព័ត៌មាន» និងបទ «ជេរប្រមាថជាសាធារណៈ»

ទន្ទឹមនិងនេះ លោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន បានកំណត់ឲ្យបុគ្គលទាំង៤រូប ដែលជាចុងចម្លើយនៃបណ្ដឹងនេះ ត្រូវចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដោយត្រូវទៅជាន់ទី២ បន្ទប់ «ព» នៃសាលាដំបូងរាជធានីភ្នំពេញ។

គួរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២CB-៩៩៦៣ និងម៉ូតូមួយគ្រឿង នៅត្រង់ចំណុចផ្លូវលេខ៣១៧ ប្រសព្វជាមួយផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ៕