• Cambodia Peace Channel

CPC-បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកស្ពានអ្នកតាវាំង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តបែនដឹកដីមួយគ្រឿងយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានអ្នកតាវាំងពេញទំហឹង និងកៀបជាប់តៃកុងរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ចូនតាមរថយន្តសាមុយទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង ៩និង ៣០នាទីយប់ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តបែនដឹកដីមួយគ្រឿង ម៉ាក យន្ត្តម៉ាក Nissan ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP.1902 ពណ៌ស បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦៩ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹងបណ្ដាលឲ្យបាក់បង្កាន់ដៃស្ពានរងការខូចខាតមួយចំនួន រីឯរថយន្តបង្កវិញខ្ទេចមួយកំណត់មុខមើលលែងយល់ ដោយឡែកអ្នកបើកបររថយន្តរងរបួសធ្ងន់ ត្រូវបានពលរដ្ឋ ទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកយកទៅសង្គ្រោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយមន្ត្រីចរាចរណ៍ជំនាញដើម្បីធ្វើការវាស់វែង ស្ទួចយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕