• Cambodia Peace Channel

អ្នកជិតខាងយើងមិនធម្មតា ! ម៉ាឡេស៊ី កំពុងចាប់ ដៃគូ សហការអាជីវកម្ម លើវិស័យឧស្សាហកម្មផលិតរថយន្តនៅ វៀតណាម

វៀតណាម៖លោក មហាំម៉ាត់ ហ្សាំរ៉ូនី ខាលីដ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម បាននិយាយ ក្នុងសិក្ខាសាលាស្តីអំពី “ឱកាសការងារ“ថា ប្រទេសវៀតណាមជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ឧស្សាហកម្មផលិតគ្រឿងបន្លាសរថយន្ត រវាងប្រទេសទាំងពីរ។

យោងតាមឯកអគ្គរាជទូត បានឲ្យដឹងថា វត្តមានក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម បានធ្វើឲ្យឧស្សាហកម្មរថយន្តរបស់ប្រទេសនេះមានភាពទាក់ទាញខ្លាំង ដែលអាចបង្កើតឱកាសសម្រាប់ក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់បរទេសស្វែងរកទីផ្សារនៅវៀតណាម។

នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក ហ៊ង ហ្គោង ផង់ បានសម្តែងក្តីរីករាយ និងជឿជាក់ថា អាជីវកម្មប្រទេសទាំងពីរ គួរតែទាញបាននូវអត្ថប្រយោជន៍អំពីឱកាសអភិវឌ្ឍន៍ និងផ្លាស់ប្តូរបទពិសោធ ក្នុងការផលិតគ្រឿងបន្លាស់រថយន្ត ដែលជាផ្នែកមួយនៃជំនាញរបស់ម៉ាឡេស៊ី។

សូមជម្រាបថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ឬ Implementing the ASEAN Trade in Goods Agreement វៀតណាមនឹងក្លាយជាគោលដៅយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មផលិតរថយន្តនៃប្រជាជាតិដទៃទៀត រួមទាំងប្រទេសម៉ាឡេស៊ីផងដែរ៕

ដោយ៖ស្រ៊ីប ឡានី