• Cambodia Peace Channel

អ៊ីស្រាអែលប្រមូលកងទ័ពធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ចំពេលមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់

យេរ៉ូសាឡឹម៖កាលពីថ្ងៃពុធម្សិលមិញនេះ អ៊ីស្រាអែលបានប្រមូលកងទ័ពរាប់ម៊ឺននាក់ ដើម្បីធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ។

នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំនោះ គេឃើញមានការចូលរួមពីកងទ័ពថ្មើរជើង កងទ័ពជើងទឹក និងកងទ័ពអាកាស បានបង្ហាញពី យុទ្ធសាស្ត្រ និងសព្វាវុធធ្វើសង្រ្គាមនាពេលអនាគត ។ នៅក្នុងនោះ វារួមបញ្ចូលការដាក់ពង្រាយយន្ដហោះគ្មានមនុស្សបើកធំ និងការប្រើ យន្តហោះចម្បាំងបំបាំងកាយ F-35 ជាលើកដំបូង ដើម្បីរៀបចំសម្រាប់ការវាយប្រហារតាមរយៈមីស៊ីលផងដែរ។

ការធ្វើសមយុទ្ធយោធានេះ បានកើតឡើងក្រោយអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងនូវភាពតានតឹងសាជាថ្មី ក្រោយនាវាដឹកប្រេង២ គ្រឿងត្រូវបានរងការវាយប្រហារនៅក្នុងឈូងសមុទ្រអូម៉ង់។

បើយោងតាមសារព័ត៌មាន Arab News យោធាអ៊ីស្រាអែលបាននិយាយថាសមយុទ្ធយោធាដែលមានលក្ខណទ្រង់ទ្រាយធំរយៈពេល ៤ថ្ងៃនេះ ត្រូវបានគ្រោងទុកជាយូរមកណាស់ហើយ ដោយផ្តោតទៅលើយុទ្ធសាស្រ្តប្រឆាំងនឹងការគំរាមកំហែង ដែលមកពីខាងជើង អ៊ីស្រាអែល  ជាពិសេសនោះ គឺភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

គួរជម្រាបជូនដែរថា ថ្មីៗនេះអ៊ីរ៉ង់ត្រូវាបានទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថាខ្លួន បានរំលោភបំពានទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយ ត្រូវចោទប្រកាន់នៅពីក្រោយការវាយប្រហារទៅលើនាវាដឹកប្រេងទៀតផង​ ។ភា្លមៗនោះ រដ្ឋអំណាចលោក ត្រាំ ក៏បានបញ្ជាអោយបញ្ជូន ទាហានបន្ថែមចំនួន ១០០០នាក់ទៅមជ្ឈឹមបូព៌ា ដើម្បីរក្សានូវសន្តិសុខតំបន់ឈូងសមុទ្រ៕

ដោយ៖ស្រេន ឡាវី