• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

សៀមរាប៖ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។

បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។

បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕