• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អណ្ដើកសមុទ្រប្រភេទល្មិចចំនួន២ក្បាល ត្រូវបានជួយសង្រ្គោះ និងលែងចូលក្នុងសមុទ្រវិញ

កោះកុង៖រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរដល់ក្រុមហ៊ុនកោះអភិជនរីសត និងរដ្ឋបាលឃុំកោះស្តេច ដែលបានសង្គ្រោះនិងលែងអណ្ដើកសមុទ្រប្រភេទល្មិច (Chelonia mydas) ចំនួនពីរក្បាលចូលក្នុងសមុទ្រវិញ នៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ការលែងនេះមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង លោកជំទប់ទី១ ឃុំកោះស្តេច ខេត្តកោះកុង និងតំណាងក្រុមហ៊ុនអភិជនរីសត។ អណ្ដើកសមុទ្រទីមួយ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ ទម្ងន់១៣,៧ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2402 និងអណ្ដើកសមុទ្រទីពីរ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៥សង់ទីម៉ែត្រ ទម្ងន់១០,១ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2403។
សូមបញ្ជាក់ថា អណ្ដេីកសមុទ្រត្រូវបានចាត់ជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ និងត្រូវបានការពារដោយច្បាប់ស្ដីពីជលផល ដូច្នេះរដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់រួមគ្នាការពារនិងអភិរក្សសត្វអណ្ដេីកសមុទ្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ៕