• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួង​​ធនធានទឹក ចាត់​ទុក​​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ ​ជា​បទ​ល្មើស ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា

ភ្នំពេញ÷ក្រសួង​ធនធាន​​ទឹក​ និង​ឧតុនិយម​​​​ បាន​​ចេញ​​សេចក្ដី​​ប្រកាស​​ព័ត៌មាន​​​ស្ដីពី ការ​ទប់​ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឫស្សី​ស្រុក​ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ ​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០២៤។​​​

 

ក្រសួង​​ចាត់​ទុក​​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដើម្បី​ចាក់​ខ្សាច់​លុប​នេះ ​នឹង​បង្ក​ឧបសគ្គ ឬ​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​លំហូរ​ទឹក​ធម្មជាតិ​នៃ​ទន្លេ ហើយ​ជា​បទ​ល្មើស​ដែល​មាន​បញ្ញត្ត​នៅ​ក្នុង​មាត្រា៣៦ ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ ចែង​ “​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំលាន​(៥.០០០.០០០)​រៀល​ដល់​ដប់​លាន (១០.០០០.០០០)រៀល និង​ឬ​ដាក់ពន្ធនាគារ​ពី​មួយ(១)ឆ្នាំ ដល់​ប្រាំ​(៥)​ឆ្នាំ​ ចំពោះ​បុគ្គល​ដែល​បង្ក​ឧបសគ្គ ​ឬ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​លំហូរ​ទឹក​ធម្មជាតិ​ នៃ​ទន្លេ ​ស្ទឹង ព្រែក អូរ ប្រឡាយ ដោយ​គ្មាន​ការ​អនុញ្ញាត។ ​គ្រប់​ករណី​មិន​រាងចាល ត្រូវផ្តន្ទាទោស​ទ្វេ​មួយ​ជា​ពីរ​”​។​

 

ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម ​បាន​​ថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​រដ្ឋបាល​ខេត្ត​កំពង់​ចាម​ដែល​បាន​ចាត់​វិធានការ​បន្ទាន់​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម ​ដែល​បាន​ចូល​រួម​ថែរក្សា​ការពារធនធាន​ទឹក ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​ ក្នុង​ន័យ​នេះ ​ក្រសួង​នឹង​បន្ត​តាម​ដាន​វិធាន​ការ​កំណត់​ ដែល​ដាក់​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ចំពោះ​ភាគី​ម្ចាស់​ដី​៕