• Cambodia Peace Channel

កម្ពុជា ស្ទើរតែអាចកែប្រែប្រវត្តិសាស្ត្រមិនដែលឈ្នះថៃបានទៅហើយ!

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាម ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្រោយចាញ់ថៃ នៅវគ្គប៉េណាល់ទី ក្នុងពានរង្វាន់ AFF U22 LG CUP 2019 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ។

ការប្រកួតពាក់កណ្តាលវគ្គផ្តាច់ព័ត្រយប់មិញ រវាងកម្ពុជា និង ថៃ ពិតជាស្វិតស្វាញមែនទែន។ ដោយជម្រើសជាតិកម្ពុជាបានបង្ហាញទម្រងលេងយ៉ាងល្អ ប្រយុទ្ធ ធ្វើឲ្យអ្នកគាំទ្រហ៊ោកញ្ជ្រៀវ តែគ្មានសំណាងទំលុះសំណាញ់ទីថៃបាន។

បន្ទាប់ពីចប់ ៩០នាទី នឹងមានការបន្ថែម ១៥នាទី២ដង កម្ពុជា និង ថៃ បានត្រឹមលទ្ធផល ០-០ តែប៉ុណ្ណោះ។ រហូតចូលដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ខាងថៃ បានស៊ុតចូលទាំង ៥គ្រាប់ ខណៈកម្ពុជា ស៊ុត៤ដង ចូល៣គ្រាប់ និងមិនចូល១គ្រាប់។

លទ្ធផលនេះ បានធ្វើឱ្យថៃ ឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះក្រុមឥណ្ឌូណេស៊ី ដែលបានយកឈ្នះវៀតណាម ១-០។

យ៉ាងណាក៏ដោយ អ្នកគាំទ្រកម្ពុជា បង្ហាញអារម្មណ៍រំភើបចំពោះទម្រងលេងរបស់កម្ពុជា ហើយសរសើរមិនដាច់ពីមាត់ ពិសេសអាចរក្សាកម្លាំងលេងរហូត ១២០នាទី នឹងលេងប្រយុទ្ធរហូតបែបនេះ ដែលកន្លងមក គេសង្កេតឃើញថា កម្ពុជាលេងត្រឹមដើមតង់ទី២ គឺកម្លាំងមានការថយចុះខ្លាំង។

សូមជម្រាបថា កម្ពុជា នឹងត្រូវប៉ះ វៀតណាម ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ម៉ោង ៣កន្លះរសៀល រឺឯ ថៃ នឹងត្រូវប៉ះ ឥណ្ឌូណេស៊ី ដណ្តើមពានរង្វាន់ ម៉ោង ៦កន្លះយប់ នៅពហុកីឡដ្ឋានជាតិ អូរឡាំពិច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ៖ ស្រ៊ីប ឡានី