• Cambodia Peace Channel

ការជម្រុញលើកទឹកចិត្តពីឪពុកម្តាយ នឹងទំលាប់ល្អ ជាផ្នែកនៃការជោគជ័យរបស់កំពូលកីឡាករបាល់ Zinedine Zidane

បារាំង៖ វីរៈបុរសបាល់ទាត់ អតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិបារាំង កីឡាករ Zinedine Zidane ជាកំពូលកីឡាករបាល់ទាត់យ៉ាងជោគជ័យបំផុតកាលលោកនៅជាលេងបាល់ទាត់។ ហើយបច្ចុប្បន្ន Zidane ជាកំពូលគ្រូបង្វឹកនៅក្លិបស្តេចសរ Real Madrid ដែលដឹកនាំឈ្នះពានរង្វាន់ Champions League បីសម័យកាលជាប់ៗគ្នា។

តាមការចុះផ្សាយនៅលើគេហទំព័រ marca កំពូលកីឡាករបាល់ទាត់រូបនេះ លើកឡើងថា៖ អ្វីទាំងអស់ដែលខ្ញុំចង់ធ្វើនោះ គឺដើម្បីក្លាយជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់ តែមានការពិបាកបន្តិចនៅឯសាលារៀន។ អតីតកីឡាករស្ងៀមស្ងាត់រូបនេះបន្តថា ឪពុកម្ដាយខ្ញុំ ពួកគាត់ដឹងច្បាស់នូវអ្វីដែលខ្ញុំកំពុងគិតហើយចង់ធ្វើ គាត់ប្រាប់ខ្ញុំថា ចូរធ្វើនូវអ្វីដែលកូនចង់ធ្វើចុះ!

ខ្ញុំធ្វើគ្រប់យ៉ាងគឺចង់ឲ្យឪពុកម្ដាយខ្ញុំ សប្បាយចិត្ត ហើយខ្ញុំក៏ចង់ធ្វើឲ្យពួកគាត់មានមោទនភាពចំពោះអ្វីដែលខ្ញុំកំពុងធ្វើ។ ការថ្លែងបែបនេះ ក្រោយរូបលោកចូលហ្វឹកហាត់នៅក្រុម Cannes កាលអាយុ ១៧ឆ្នាំ។

Zidane បន្តទៀតថា “កាលនៅជាកីឡាករ ខ្ញុំគេងលក់ស្រួល មិនទៅលេងនៅកន្លែងបារ និង ផឹកតែទឹកប៉ុណ្ណោះ។ ខ្ញុំបានតាំងចិត្តធ្វើយ៉ាងណាដើម្បីក្លាយជាកីឡាករល្អបំផុត តាមដែលអាចធ្វើទៅបាន។ ហើយខ្ញុំបានចំណាយពេលវេលាជាច្រើនដើម្បីហ្វឹកហាត់។

គួររម្លឹកថា នៅក្រោយភាពជោគជ័យរបស់កំពូលកីឡាករបាល់ទាត់ Zinedine Zidane រូបនេះ គឺការជម្រុញលើកទឹកចិត្តពីឪពុកម្តាយ នឹងការតស៊ូព្យាយាមដោយខ្លួនឯងផ្ទាល់ ជាមួយនូវកតញ្ញូភាពចំពោះឪពុកម្តាយផងដែរ៕

ដោយ៖ស្រ៊ីប ឡានី