V9 V9
ព័ត៌មានអន្តរជាតិ

របួសចាស់រើឡើង! បារាំង ផ្ទុះបាតុកម្មហិង្សាប្រឆាំងការរើសអើមជាតិសាសន៍ រម្លឹកដល់ការស្លាប់បុរសស្បែកខ្មៅម្នាក់នៅបារាំងកាលពី ៤ឆ្នាំមុន

ប៉ារីស៖ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប៉ូលិស និងក្រុមអ្នកតវ៉ានៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារម្សិលមិញ ប្រឆាំងនឹងការរើសអើមជាតិសាសន៍ រម្លឹកដល់មរណៈភាពរបស់បុរសដែលជាកីឡាបាល់ទាត់ស្បែកខ្មៅម្នាក់ ដែលបានស្លាប់ក្រោមដៃប៉ូលិសបារាំង កាលពីអំឡុងឆ្នាំ២០១៦។

បើតាមការចុះផ្សាយដោយ Reuters របួសចាស់របស់ប្រទេសបារាំង បានរើឡើងក្រោយផ្ទុះបាតុកម្មនៅអាមេរិក លើករណីស្រដៀងគ្នានេះ ទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅលោក George Floyd ដែលស្លាប់ដោយសារប៉ូលិសអាមេរិកកាលពីសប្តាហ៍មុន។

ក្រុមអ្នកតវ៉ានៅបារាំងបានប្រើពាក្យស្លោក ដែលមានប្រើក្នុងចលនាបាតុកម្មរបស់អាមេរិកដើម្បីអំពាវនាវរកយុត្តិធម៌សម្រាប់បុរសស្បែកខ្មៅឈ្មោះ Adama Traore ដែលបានស្លាប់កាលពី ៤ ឆ្នាំមុន ដោយសារការចាប់ខ្លួនយ៉ាងឃោឃៅរបស់ប៉ូលិសនៅក្នុងប្រទេសបារាំង។

ដោយឡែកបងស្រីរបស់បុរសស្បែកខ្មៅលោក Adama Traore ដែលបានស្លាប់កាលពី ៤ឆ្នាំមុននោះ បាននិយាយទៅកាន់ហ្វូងមនុស្សថា “ថ្ងៃនេះយើងមិនត្រឹមតែទាមទារយុត្តិធម៌សម្រាប់ Adama Traore ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្រយុទ្ធសម្រាប់មនុស្សស្បែកខ្មៅគ្រប់គ្នា អ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក គឺជាការឆ្លុះបញ្ចាំងពីអ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំង។

ដើម្បីបំបែកការប្រមូលផ្តុំ ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ហើយក្រុមអ្នកតវ៉ាបានគប់ដុំថ្ម តបតវិញ នៅជិតផ្លូវក្រវ៉ាត់ក្រុងបារីស។

ជុំវិញការប៉ះទង្គិចគ្នានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Christophe Castaner បាននិយាយថា “ អំពើហិង្សា គ្មានចារនៅក្នុងប្រជាធិបតេយ្យទេ, ពិសេសការប្រមូលផ្តុំតវ៉ានៅតាមដងផ្លូវសាធារណៈត្រូវបានហាមឃាត់ ដើម្បីការពារសុខភាពរបស់មនុស្សគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩” ៕

V9 V9 V9 >
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា ឆ្នាំ​២០១៩

អាសយដ្ឋាន ផ្ទះលេខ A1-10 ផ្លូវ បេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខ័ណ្ឌឫស្សីកែវ

Copyright © 2019 CPC NEWS, All rights reserved.

To Top