លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀនជាង៣គីឡូក្រាម

73498
លោក ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ

លោក ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀនជាង៣គីឡូក្រាម

Posted by CPC Watch on Thursday, June 4, 2020

តាកែវ៖សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានឃាត់ចាប់ខ្លួនលោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួកម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាម ។

ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ ថា លោកពុំទាន់បានដឹងរឿងនេះនៅឡើយទេ ។

ដោយឡែក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្លែងប្រាប់ CPC NEWS ថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បាននាំខ្លួនលោក ឈុន សុមេធា មកឆែកឆេររកវត្ថុតាងបន្ថែមទៀត នៅផ្ទះរបស់គាត់ស្ថិតនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត ។

របាយការណ៍ពីសមត្ថកិច្ច ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ បង្ហាញថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួន២ទីតាំង ។

ទីតាំងទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទីតាំងទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ  ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕