Liverpool ក្លាយម្ចាស់ជើងឯក Premier League ដោយស្វ័យប្រវត្តិ ខណៈការប្រកួតនៅសល់ ៧ប្រកួតទៀត

127

អង់គ្លេស៖ក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអង់គ្លេសលើកទី១៩ រដូវកាល ២០១៩-២០២០ ជាប្រវត្តិសាស្ត្ររបស់ក្លិប ក្រោយខកខានជាង ៣០ឆ្នាំ និងជារឿងដ៏អស្ចារ្យដោយឈ្នះត្រឹមសប្តាហ៍ទី៣១ ដោយស្វ័យប្រវត្តិ បន្ទាប់ក្រុមម្ចាស់ជើងឯករដូវកាល ២០១៨-២០១៩ Manchester City ភ្លាត់ចាញ់ក្រុមតោខៀវ Chelsea នៅយប់ថ្ងៃទី២៦ ខែមិថុនា យប់ម៊ិញ ក្នុងលទ្ធផល ២ ទល់នឹង ១ ។

ការលើកពានជាបន្តបន្ទាប់ ក្រោយការចូលមកដល់របស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Jürgen Klopp ក្លិបហង្សក្រហមហាក់មានពន្លឺចែងចាំងឡើងវិញ និងបង្ហាញភាពលេចធ្លោពីមួយរដូវកាលទៅមួយរដូវកាល រួមទាំងយុទ្ធសាស្ត្រដឹកនាំក្រុម និងការទិញ លក់ កីឡាករផ្សេងជាដើម ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះ។

ក្លិប Liverpool បានចុះកិច្ចសន្យានាំយកលោក Jürgen Klopp ពីក្រុម Borussia Dortmund មកដឹកនាំក្រុម កាលពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ជាយុគសម័យមាសរបស់ហង្សក្រហម តាមរយៈការឈ្នះជើងឯកធំប្រចាំប្រទេសផង ប្រចាំទ្វីបផងជាច្រើនរួមមាន UEFA Champions League 2019, UEFA Super Cup 2019, FIFA Club World Cup 2019, និង Premier League 2020 នេះ។

អ្វីដែលជាការកត់សំគាល់សម្រាប់ការប្រកួត រវាងក្រុម Manchester City និង ក្រុម Chelsea ​នៅ​កីឡដ្ឋាន Stamford Bridge នាយប់ម៊ិញនេះ គេសង្កេតឃើញថា កូនក្រុមរបស់ Klopp រួមទាំងលោក Klopp និងអ្នកគាំទ្រផងនោះ អង្គុយទស្សនាយ៉ាងច្រើនកុះករ នៅតាមគេហដ្ឋាន និងនៅកីឡដ្ឋាន Anfiled ផងដែរ។

ភ្លាមៗនោះ លោក Klopp មិនអាចទប់អារម្មណ៍បាន ដោយចេញវីដេអូមួយបង្ហោះជាសាធារណថា​ “ពីមួយពេល ទៅមួយពេល ពួក​យើង​បញ្ចុះបញ្ចូល​​មនុស្ស​គ្រប់​គ្នា ហើយ​នេះ​ជា​អ្វី​ដែល​​ពួក​យើង​បាន​ធ្វើ​ទាំង​អស់​គ្នា ​ជា​ពេលវេលា​អស្ចារ្យ​បំផុត។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​លើសលប់។ ខ្ញុំ​មិន​ដឹង​ត្រូវ​​និយាយ​បែប​ណា​ទេ ទើបល្អនោះទេ”

សូមជម្រាបថា ក្រុមហង្សក្រហម Liverpool បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០១៩-២០២០ ដោយស្វ័យប្រវត្តិ គិតត្រឹមសប្តាហ៍ទី៣១ ខណៈ Liverpool ​នាំ​មុខ​ក្រុម Man City ​ដល់​ទៅ ​២៣​ពិន្ទុ​ ពោលគឺ Liverpool មាន ៨៦ពិន្ទុ ខណៈ Manchester City មានត្រឹមតែ ៦៣ពិន្ទុ ហើយការ​ប្រកួតនេះ​ នៅសល់ ៧ប្រកួតទៀតប៉ុណ្ណោះ៕