កត្តាសំខាន់ៗចំនួន២ ដែលធ្វើឱ្យព្រៃវែងមានភាគរយខ្ពស់ឈ្នះត្បូងឃ្មុំ លើកពានរង្វាន់ថ្នាក់ខេត្តឆ្នាំ២០២០

280

ភ្នំពេញ៖ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០២០ រវាងក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ និងក្រុមបាល់ទាត់ខេត្តព្រៃវែង នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃពុធ ទី២៩ ខែកក្កដានេះ នាពហុកីឡដ្ឋានជាតិ។

ទម្រាំមកដល់វគ្គផ្តាច់ព្រ័ត្រនេះ​ ក្រុមទាំងពីរបានទម្លាក់ក្រុមបាល់ទាត់តំណាងខេត្ត ជាច្រើន តាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គពាក់កណ្តាល ខេត្ត។ កាលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រៃវែងបានទម្លាក់សៀមរាប ជាជើងឯករងថ្នាក់ខេត្ត កាលឆ្នាំ២០១៩។ ជើងទីមួយ ព្រៃវែងឈ្នះ០ ទល់នឹង ២ នៅសៀមរាប ថ្ងៃពុធ ទី១៥ ខែកក្កដា មុនបន្តឈ្នះ ៧ទល់នឹង០ ថែមទៀតលើដីខ្លួនឯង នៅថ្ងៃពុធ ទី២២ ខែកក្កដា (សរុបពីរជើង៩ទល់នឹង០)។ 

ចំណែកត្បូងឃ្មុំដែលឈ្នះកែប ២ទល់នឹង១ លើដីខ្លួនឯងនៅជើងទីមួយ បានបន្តឈ្នះ១ទល់នឹង៣ ថែមទៀតជើងទីពីរនៅខេត្តកែប ហើយសរុបទាំងពីរជើង គឺ ៥ទល់នឹង២ ។ព្រៃវែង និងត្បូងឃ្មុំ ធ្លាប់ប៉ះគ្នាពីរដងនៅវគ្គចែកពូល ដោយស្មើទាំងពីរលើកតែម្ដង។

ដោយឡែកជំនួបផ្តាច់ព្រ័ត្រល្ងាចនេះ គេសង្គេតឃើញថា ព្រៃវែងហាក់មានប្រៀបជាងត្បូងឃ្មុំ ដោយសារតែកត្តាពីរ។ កត្តាទី១ គឺសមាជិកក្រុមបាល់ទាត់ខេត្តព្រៃវែង គឺសុទ្ធសឹងតែជាកីឡាករយុវជនដែលស្ថិតនៅក្នុងក្លិបអាជីព និងក្រុមជម្រើសជាតិ ដែលធ្លាប់មានបទពិសោធន៍ច្រើនទាំងនៅក្នុងការប្រកួតទាំងថ្នាក់ជាតិ និងនៅក្រៅប្រទេស។ កត្តាទី២ គឺទីលាន។ ទីលានពហុកីឡដ្ឋានជាតិ សម្រាប់ក្រុមបាល់ទាត់ខេត្តព្រៃវែង មិនមែនជាបញ្ហាសម្រាប់ពួកគេនោះទេ ព្រោះទីលាននេះពួកគេធ្លាប់ប្រកួតស្ទើរាប់ភ្លេចទៅហើយ និយាយជារួមទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិនេះ ប្រៀបបានដូចជាទឹកដីរបស់ក្រុមបាល់ទាត់ខេត្តព្រៃវែងទៅហើយ។

ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងវិស័យបាល់ទាត់អ្វីៗក៏អាចកើតឡើងបានដែរ មានតែរងចាំមើលលទ្ធផលការប្រកួតនៅល្ងាចនេះទាំងអស់គ្នា។

គួរជម្រាបថា ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត ល្ងាចនេះ ក្រុមចំណាត់ថ្នាក់លេខ៣ សៀមរាប ត្រូវប៉ះជាមួយ ខេត្តកែប នៅវេលាម៉ោង ៣៖៣០នាទីរសៀល ខណៈប្រកួតដណ្តើមជើងឯក ខេត្តត្បូងឃ្មុំ ត្រូវប៉ះក្រុមព្រៃវែង នៅវេលាម៉ោង ៦៖០០នាទីល្ងាចនេះ​ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងជំនួបបិទទ្វារមិនឱ្យអ្នកគាំទ្រចូលទស្សនាឡើយ៕