ជនជាតិចិន សោះ តែពាក់ផ្កាយ៣ ជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន និង គូកនជាច្រើននាក់ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា

7037

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ ជាជនជាតិចិន មុខរបរជាអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd និង គូកនជាច្រើននាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺ បទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើ ៖

ទី១,ឈ្មោះ លីម លាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។ (ក្រៅឃុំ)

ទី២,ឈ្មោះ ចូវ ជីងហ្វូ ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។(ក្រៅឃុំ)

ទី៣,ឈ្មោះ ហ៊ាង ហ្វខាយ ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។(ក្រៅឃុំ)

ទី៤,ឈ្មោះ វ៉ូ សិនតាំង ជនជាតិចិន មុខរបរ អភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។(ក្រៅឃុំ)

ទី៥,ឈ្មោះ វ៉ាង យុនជិន ជនជាតិចិន មុខរបរអភិបាលក្រុមហ៊ុន ជីន លីស៊ុន Cambodia Co.Ltd ។(ក្រៅឃុំ)

ទី៦,និង គូកន ។(ក្រៅឃុំ)

ជនទាំងអស់នេះ ត្រូវបានចោទប្រកាន់ពីបទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ក្លែងបន្លំឯកសារសាធារណៈ និង បទបំភាន់មន្ត្រីសុរិយោដីអោយចុះបញ្ជី» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ តាមមាត្រា៥២៣ និង មាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២៥២នៃច្បាប់ភូមិបាល ។

ជាមួយគ្នានេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធិចអោយឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំងអស់ ដើម្បីបញ្ចប់បទល្មើស ឬ បង្ការបទល្មើសកុំអោយកើតជាថ្មី , ដើម្បីរារាំងកុំអោយមានការគាបសង្កត់លើសាក្សី ឬ ជនរងគ្រោះ ឬ រារាំងកុំអោយមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និង អ្នកសមគំនិត , ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និង ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំអោយមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស ។

តាមប្រភពព័ត៌មាន គឺ ដំណើររឿងនេះ ផ្តើមចេញពីជនត្រូវចោទទាំងអស់ បានយកដីរបស់ឈ្មោះ សុខ សាខឿន ភេទស្រី អាយុ៦៥ឆ្នាំ ទំហំជាង៤ហិកតា មានទីតាំងស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) ទៅធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីមួយទៀត ដោយក្លែងបន្លំ ដើម្បីបានកាន់កាប់លើដីកម្មសិទ្ធិរបស់ឈ្មោះ សុខ សាខឿន ។

ទោះបីយ៉ាងណា ពេលនេះ CPC NEWS ពុំទាន់អាចស្វែងរកលេខទូរស័ព្ទរបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសុំការឆ្លើយតបបាននៅឡើយទេ ៕