អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាសម្តែងក្តីរីករាយជាខ្លាំង ក្រោយបើកឲ្យមានការទស្សនាផ្ទាល់នៅកីឡដ្ឋាន ទោះបីក្នុងកម្រិត ១០%

112

ភ្នំពេញ៖អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា បានសម្តែងការរីករាយជាខ្លាំង ក្នុងការអនុញ្ញាតឲ្យទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខខេមបូឌានលីគ ២០២០ ឡើងវិញ សូម្បីត្រឹម ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋាននីមួយៗ ក្រោយខកខានជាច្រើនខែ ដោយសារការពារការរីករាលដាល នៃវីរុសកូវីដ១៩ ។

អ្នកគាំទ្រដ៏ងប់ងុលម្នាក់ បានលើកថា នេះជាដំណឹងល្អ សម្រាប់រូបលោក ដែលអនុញ្ញាតអោយមានការចូលមើលផ្ទាល់នៅក្នុងកីឡដ្ឋាន ទោះបីក្នុងកម្រិតបន្តិចបន្តួចក៏ដោយ តែជាដំណឹងល្អ ព្រោះការប្រកួតលីគកំពូលកម្ពុជា ក៏ឈានចូលជិតចប់ ហើយអ្នកគាំទ្រនឹងសប្បាយរីករាយក្នុងចូលអបអរសាទរដល់ក្រុមម្ចាស់ជើងឯករដូវកាលនេះ។

ជាមួយគ្នានេះ​ដែរ លោក ក៏បានប្តេជ្ញាចិត្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាននេះ ដើម្បីធ្វើយ៉ាងណាការពារពីវីរុសកូវីដ១៩ នេះ ទាំងអស់គ្នា ។ ហើយលោកក៏បានផ្តាំផ្ញើដល់អ្នកគាំទ្រគ្រប់ក្លិបទាំងអស់ ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នាផងដែរ។

សូមជម្រាបថា ការបើកអោយមានអ្នកចូលទស្សនាការប្រកួតបាល់ទាត់ផ្ទាល់នៅតាមកីឡដ្ឋានឡើងវិញនេះ ត្រូវបានអនុញ្ញាតអោយមានអ្នកចូលទស្សនាត្រឹមតែ ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋាននីមួយៗ ប៉ុន្តែត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ក្នុងករណីរកឃើញទស្សនិកជនមានជំងឺកូវីដ១៩ ជាយថាហេតុ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ នឹងផ្អាកជាបណ្តោះអាសន្ន៕