ពលរដ្ឋជាច្រើននាក់ នឹងបោះតង់មុខសាលាខេត្តកោះកុង ដើម្បីទាមទារដំណោះស្រាយពីអាជ្ញាធរ រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន Union Development Group Co,Ltd ព្រោះលែងជឿសន្យាខ្យល់ទៀតហើយ (វីដេអូ)

88

កោះកុង៖ប្រជាពលរដ្ឋចំនួន១៩៣គ្រួសារ រស់នៅភូមិសំរុងតាកែវ និង ភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគិរិសាគរ ខេត្តកោះកុង ដែលអះអាងថា បានរស់នៅលើដីទំហំ២២០៩ហិកតា តាំងពីដូនតាមក នោះ បានប្រកាសថា នឹងបោះតង់មុខសាលាខេត្តកោះកុង ដើម្បីទាមទារដំណោះស្រាយពីអាជ្ញាធរ រឿងវិវាទនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឈន៍របស់ក្រុមហ៊ុនចិន Union Development Group Co,Ltd ព្រោះលែងជឿសន្យាខ្យល់ទៀតហើយ ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានបន្តប្រមូលផ្តុំគ្នាមុខសាលាខេត្តកោះកុង ទោះក្រោមដំណក់ទឹកភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ដើម្បីទាមទារការសន្យារបស់អាជ្ញាធរ នាពេលកន្លងមក ព្រោះរឿងនេះបានអូសបន្លាយរយៈពេលជាង១២ឆ្នាំមកហើយ ។

ការតវ៉ារបស់ប្រជាពលរដ្ឋ នាពេលនេះ ក៏ស្ថិតក្រោមការយាមកាមរបស់សមត្ថកិច្ចជាច្រើននាក់ យ៉ាងតឹងរឹង ផងដែរ ដើម្បីរក្សានូវសណ្តាប់ធ្នាប់សាធារណៈ កុំអោយមានបាតុភាពមិនល្អណាមួយកើតឡើង ។

តំណាងប្រជាពលរដ្ឋ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន៦រូប អោយចូលជួបពិភាក្សាគ្នា ។ អស់រយៈពេលជាច្រើនម៉ោងនៃការពិភាក្សាគ្នានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសន្យាសាជាថ្មី ថា ២ខែទៀត នឹងផ្តល់ចម្លើយដល់ក្រុមប្រជាពលរដ្ឋ វិញ ព្រោះអាជ្ញាធរ ក៏ត្រូវការពេលវេលានៃការសិក្សាបញ្ហាវិវាទដីធ្លីនេះដែរ ។

បញ្ហានេះ ប្រជាពលរដ្ឋ ប្រកាសមិនទទួលយកនិងប្រឆាំងជាដាច់ខាត ព្រោះរឿងនេះ បានអូសបន្លាយរយៈពេលជាង១២ឆ្នាំ មកហើយ ពោលគឺមិនអាចរង់ចាំឬត្រូវការសិក្សាអ្វីទៀត នោះទេ ដោយសារអាជ្ញាធរ បានតែសន្យាខ្យល់ជាមួយប្រជាពលរដ្ឋ ប៉ុណ្ណោះ ។

ក្រុមប្រជាពលរដ្ឋ បានប្រកាសជារួមថា នឹងបោះតង់ សម្រាក និង ស្នាក់អាស្រ័យ នៅមុខសាលាខេត្តកោះកុង តែម្តង រហូតដល់មានដំណោះស្រាយដ៏ជាក់លាក់មួយសម្រាប់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ បន្តថា យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ គឺ រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរបស់ក្រសួងបរិស្ថាន ដូចខាងក្រោម ៖

-ក្រសួងបរិស្ថានត្រូវសិក្សាការកាត់ឆ្វៀលដីនៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរិសាគរ ខេត្តកោះកុង និង ទីតាំងកៀនទឹកនៃឃុំថ្មស ស្រុកបទុមសាគរ នៃខេត្តកោះកុង ចេញពីតំបន់វិនិយោគរបស់ក្រុមហ៊ុន Union Development Group Co,Ltd សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និង អាស្រ័យផលជាក់ស្តែង ដោយសហការជាមួយក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ។

-ក្រុមហ៊ុន Union Development Group Co,Ltd ត្រូវរក្សាទុកព្រៃកោងកាង ព្រៃលិចទឹក តំបន់ព្រៃស្រោង តំបន់ទីជម្រាលភ្នំ ជាតំបន់អភិរក្សនៅក្នុងប្លង់មេ និង កម្មវិធីអភិវឌ្ឈន៍របស់ខ្លួន ។

ប៉ុន្តែ ស្រាប់តែ៦ខែក្រោយមក ពោលគឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយទៀត ជម្រាបជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងកម្មវត្ថុ «ករណីលុបលិខិតលេខ៣៦៧ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី» ទៅវិញ ដោយពុំបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន១៩៣គ្រួសារ នៅតែបន្តទាមទារការរស់នៅលើដីមួយនេះបន្តទៀត ដោយមូលហេតុថា «ដីនេះ ប្រជាពលរដ្ឋបានរស់នៅអាស្រ័យផល តាំងពីដូនតាមកម្ល៉េះ មានផ្ទះសម្បែង ដំណាំដាំដុះ ស្រែ ចំការ ជាដើម…»

ជាក់ស្តែង យោងតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ក្រុមប្រជាពលរដ្ឋ បានគោរពជូន គណៈកម្មការជាតិដោះស្រាយដីធ្លី ដែលរួមមាន ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈអភិបាលខេត្តកោះកុង ដោយពលរដ្ឋ បានរៀបរាប់ ថា ៖ ដីនេះ ធ្លាប់ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី ចេញ សជណ ដើម្បីសិក្សាកាត់ឆ្វៀល អោយប្រជាពលរដ្ឋ ប៉ុន្តែក្រុមការងារអន្តរក្រសួង ពុំបានកាត់ឆ្វៀល អោយប្រជាពលរដ្ឋ ឡើយ ។

ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចអោយគណៈកម្មការជាតិដោះស្រាយដីធ្លី ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយសម្រួលនិងដោះស្រាយអោយប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយក្តីអនុគ្រោះផង ។

ជាការកត់សម្គាល់ ក្នុងការតវ៉ាបញ្ហាដីធ្លីនេះ គឺ មានលោកយាយម្នាក់ឈ្មោះ ស៊ឹម រាវ បានតវ៉ាជាង១២ឆ្នាំ តាំងពីនៅរស់ ដែលពេលនេះលោកយាយបានស្លាប់បាត់ទៅហើយ ៕