ក្រសួងធនធានទឹក សូមឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ខណៈភ្លៀងនៅតែបន្តធ្លាក់

50

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម សូមអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្គួរ ទៅច្រើន ជាពិសេសនៅតាមបណ្តាខេត្តភាគពាយ័ព្យ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី “ស្ថានភាពធាតុអាកាស” នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។

តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ខាងមុខនេះ ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង។

ក្រសួងធនធានទឹក សូមអោយបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ​ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ពិសេសអ្នករស់នៅទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ នៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ បណ្តាខេត្តជាប់ជួរភ្នំក្រវាញ។

ជាមួយគ្នានេះដែរ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូកមេត្តាប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ខាងមុខនេះផងដែរ៕