អ្នកសារព័ត៌មាន CBN TV Online ត្រូវបានឃាតករវៃសម្លាប់ រួចគេចខ្លួនដោយសុវត្ថិភាព នៅខណ្ឌពោធិ៍សែនជ័យ

518

ភ្នំពេញ៖លោក គួយ ពិសិត អាយុ២៤ឆ្នាំ ជាអ្នកសារព័ត៌មាន CBN TV Online ត្រូវបានឃាតករវៃសម្លាប់ រួចគេចខ្លួនដោយសុវត្ថិភាព ដោយពុំទាន់ដឹងច្បាស់ថា ជារឿងគំនុំ ឬ ប្លន់ទ្រព្យសម្បត្តិនៅឡើយទេ ។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងជាង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ គួយ ពិសិត បច្ចុប្បន្នស្នាក់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើត នៅភូមិទួលមាស ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ថ្លែងប្រាប់អ្នកសារព័ត៌មាន ថា នៅពេលកើតហេតុ ពួកគាត់បានឮសំឡេងដួលម៉ូតូប្រាវ តែភ្លាមៗនោះពួកគាត់មិនបានចេញមកក្រៅផ្ទះដើម្បីពិនិត្យមើលហេតុការណ៍នោះទេ ។ លុះបន្តិចក្រោយមក ពេលបើកទ្វារចេញមកមើល ស្រាប់តែឃើញមនុស្សម្នាក់ដេកស្លាប់បាត់ទៅហើយ ។ ចំណែកម៉ូតូដួល គឺ នៅកណ្ដាលផ្លូវ ។ ក្រៅពីនេះគ្មានមនុស្សណាម្នាក់នៅជាមួយសពឡើយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា សមត្ថកិច្ចបានទាក់ទងទៅម្ចាស់ផ្ទះដែលមានកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ ដោយបានឃើញថា ជនរងគ្រោះត្រូវបានគេវៃពីក្រោយបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់បន្ថែមស្លាប់ក្នុងថ្លុកឈាម ។ ចំណែកជនដៃដល់បានគេចខ្លួនភ្លាមៗតែម្ដង ។

ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ CPC NEWS ពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាននៅឡើយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល

ប្រជាពលរដ្ឋ បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពង្រឹងបន្ថែមបញ្ហាសន្តិសុខនិងសុវត្ថិភាព ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ផង ព្រោះឃើញថា តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជំនួសលោក យឹម សារ៉ាន់ មក បទល្មើសនៅតែបន្តកើតឡើងជាបន្តបន្ទាប់ ដែលនាំអោយប្រជាពលរដ្ឋ មានការភ័យខ្លាចក្នុងការរស់នៅ ។

ទោះបីយ៉ាងណា បទល្មើសមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបបានផងដែរ ៕