មន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ឈ្លោះគ្នាជាមួយនារីវ័យក្មេង បាញ់ផ្អើលរោងបុណ្យ រួចបើកឡានផ្លាកលេខ រដ្ឋ គេចខ្លួនបាត់ស្រមោល

267

ព្រះសីហនុ៖មន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ បានឈ្លោះគ្នាជាមួយនារីវ័យក្មេងម្នាក់ រួចបាញ់ផ្អើលរោងបុណ្យ ហើយបានបើកឡានផ្លាកលេខ រដ្ឋ គេចខ្លួនបាត់ស្រមោល ។ ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនដៃដល់ ហើយ ដែលកំពុងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះធ្វើបុណ្យ៧ថ្ងៃ ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ការបាញ់បោះសេរីនេះ គឺ មិនត្រឹមតែផ្អើលដល់ភ្ញៀវមកចូលបុណ្យសពនោះទេ ថែមទាំងផ្អើលដល់ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ទៀតផង ដោយសារតែជនសង្ស័យធ្វើអោយអ្នកចូលរួមបុណ្យម្នាក់ៗ ភ័យព្រលឹងចុងសក់ ស្ទើរគ្រប់ៗគ្នា ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា នៅទីតាំងខាងលើនាយប់កើតហេតុនោះ ពិតជាមានករណីបាញ់គំរាមប្រាកដមែន ដោយ ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធា ពាក់ស័ក្ដិ៤ កន្លះ មានទីលំនៅ នា រាជធានីភ្នំពេញ បានប្រើអាវុធខ្លី មិនស្គាល់ម៉ាកបាញ់ឡើងលើ២គ្រាប់ ដើម្បីគំរាមនារីវ័យក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ក្រោយពីកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាក វីហ្គោ ពណ៌ ស ពាក់ផ្លាកលេខ រដ្ឋ រត់គេចខ្លួនបាត់ស្រមោល ។

ជាមួយគ្នានេះ មូលហេតុដែលធ្វើឱ្យមន្ត្រីយោធា បាញ់គំរាមនោះ គេនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេ ដោយគ្រាន់តែដឹងថា ពួកគេបានឈ្លោះគ្នា ប៉ុណ្ណោះ ៕