ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា បន្តឆាបឆេះខ្លាំងជាថ្មី ក្រោយមានខ្យល់បក់ខ្លាំង ធ្វើឲ្យប្រជាជនជាង ៧ ម៉ឺននាក់ត្រូវជម្លៀសបន្ទាន់

15

កាលីហ្វ័រញ៉ា៖ តំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា បានឆាបឆេះខ្លាំងជាថ្មីទៀតកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីមានខ្យល់បក់ខ្លាំង បង្កជាអណ្តាតភ្លើងរាលដាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយអាជ្ញាធរក៏ជម្លៀសប្រជាជនជាង ៧ម៉ឺននាក់ភ្លាមៗផងដែរ។

បើតាមការចុះផ្សាយដោយសារព័ត៌មានបារាំងនៅថ្ងៃទី២៩ ខែកញ្ញានេះ ប៉ូលិសក្នុងតំបន់ Shasta ឈ្មោះ Eric Magrini បាននិយាយថាមានមនុស្ស ៣ នាក់បានស្លាប់ដោយសារអគ្គិភ័យនេះ ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លោក Daniel Berlant ជំនួយការអនុប្រធាននាយកដ្ឋានព្រៃឈើនិងការពារអគ្គីភ័យនៃរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា “ក្រុមពន្លត់អគ្គីភ័យរបស់យើងមិនបានសម្រាកច្រើនទេ ហើយអ្នកស្រុកទាំងនេះក៏មិនមានពេលសម្រាកច្រើនដែរ” ។

សូមជម្រាបថា ការសិក្សាជាច្រើននៅប៉ុន្មានឆ្នាំថ្មីៗនេះ បានផ្សារភ្ជាប់ភ្លើងឆេះធំ ៗ នៅអាមេរិកទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាការប្រែប្រួលអាកាសធាតុបានក្លាយជាប្រធាបទដ៏គួរឲ្យព្រួយបារម្ភ៕