មន្ត្រីច្រកទ្វារព្រំដែន អន្តរជាតិបាវិត បើកដៃអោយមានការនាំចូលក្រចកជើងគោជាង២តោន ពីវៀតណាមដោយខុសច្បាប់

91

ស្វាយរៀង៖មន្ត្រីច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង បានបើកដៃអោយមានការនាំចូលក្រចកជើងគោជាង២តោន ពីវៀតណាមដោយខុសច្បាប់ ដោយពុំបានពិនិត្យឯកសារត្រឹមត្រូវឡើយ ។ ប៉ុន្តែ ទំនិញទាំងនេះ ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តស្វាយរៀង ឬ យើងធ្លាប់ហៅថា មន្ត្រីកាំកុងត្រូល ចុះបង្ក្រាប ។

ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចច្រកទ្វារព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង ។

របាយការណ៍ពីមន្ត្រីដែល CPC NEWS ទើបទទួលបាន បង្ហាញថា សកម្មភាពការងារ នៃការត្រួតពិនិត្យ នេះ គឺ មន្ត្រីជំនាញបានយកគំរូក្រចកជើងគោមកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានសារធាតុគីមី Formalin នៅក្នុងគំរូក្រចកជើងគោទាំងនោះឡើយ ។

ដោយឡែកមន្រ្តីសាខាបានរកឃើញក្រចកជើងគោចំនួន១២០កេស ស្មើនឹងទម្ងន់២៤០០គីឡូក្រាម មានភាពមិនប្រក្រតីទៅលើឯកសារមួយចំនួនដូចជា ៖ គ្មានឯកសារបញ្ជាក់ពីប្រភពដើម , គ្មានលិខិតអនុញ្ញាតនាំចូល និង ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធីនៅទីលានចាក់សំរាមខេត្តស្វាយរៀង ដោយ ក្នុងការដុតកម្ទេចចោលនេះ មានការសហការ ពីអាជ្ញាធរដែនដី និង មន្រ្តីនៃសាខាគយខេត្តស្វាយរៀង ផងដែរ ៕