សង្ឃឹមថានឹងមានការបកស្រាយពីសមត្ថកិច្ច ! មានការចោទប្រកាន់ ថា មនុស្សប្រហែល១០នាក់ មិនមានឯកសណ្ឋានមកវាយបុរសម្នាក់រួចនាំទៅសួរនាំ ក្រោយមកដោះលែងវិញ ដោយនិយាយថា «ចាប់ច្រឡំ»

254

ភ្នំពេញ៖មានការចោទប្រកាន់ ថា មនុស្សប្រហែល១០នាក់ មិនមានឯកសណ្ឋានមកវាយនិងដាក់ខ្នោះដៃបុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌា រួចបញ្ជូនទៅសួរនាំនៅកន្លែងសមត្ថកិច្ច ។ ក្រោយមក ក៏ដោះលែងវិញ ដោយនិយាយថា «ចាប់ច្រឡំ»

បញ្ហានេះ សង្ឃឹមថា ខាងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងស្រាវជ្រាវករណីនេះ និង បំភ្លឺជូនសាធារណជន ផង ដើម្បីអោយបានដឹងពីដំណើររឿងពិតប្រាកដ ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Chan Sopheap» បានបង្ហោះដោយមានខ្លឹមសារ ថា ៖

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ម៉ោងប្រហែល៧៖៣០នាទីយប់ ម្តុំបឹងសាឡាង បងប្រុសខ្ញុំ កំពុងចាំភ្ញៀវ ( រត់ Pass App ) ក៏មានមនុស្សប្រហែល១០នាក់ មិនមានឯកសណ្ឋាន មកវាយគាត់ដោយមិនបានសួរនាំ ហើយចាប់ដាក់ខ្នោះដៃ (៣ខ្នោះដៃ) រួចយកទៅកន្លែង ។ បន្ទាប់មកសួរនាំ នឹង ធ្វើតេស្តទឹកនោម លទ្ធផលមិនមានអីទេ ។ ៣០នាទីក្រោយដោះលេងវិញ ដោយនិយាយថា «ចាប់ច្រលំ»។  

ហ្វេសប៊ុកដដែល បន្តថា «សូមបងៗដែលធ្វើការពេលយប់ ចាប់គេឯង មើលអោយច្បាស់ផង ហើយកុំវាយគេដោយមិនបានសួរនាំ ។ ប្រាក់ខែយកពីប្រជាជន កុំដើរវាយប្រជាជនដោយគ្មានគិតអីសោះ សួរនាំអោយច្បាស់សិនទៅវាយ៉ាងមិច?»