លីគទី២កម្ពុជា៖ ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំមានសន្ទុះអ្នកគាំទ្រច្រើន មិនចាញ់លីគកំពូល

1369

ត្បូងឃ្មុំ៖ ទោះពីរប្រកួតកន្លងទៅនៅក្នុងវគ្គជម្រុះពានរង្វាន់លីគលំដាប់ទី២កម្ពុជា ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ មិនទាន់ទទួលបានជ័យជំនះក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកមើលសន្ទុះអ្នកគាំទ្រក្លិបបាល់ទាត់មកពីខេត្តកូនពៅមួយនេះ ច្រើនលើសលប់គួរឲ្យកត់សម្គាល់។

គេសង្គេតឃើញថា រាល់ការប្រកួតម្តងៗរបស់ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ មានអ្នកគាំទ្រមកទស្សនាយ៉ាងច្រើនកុះករ ជាពិសេសគឺបងប្អូនខ្មែរឥស្លាមតែម្តង បើទោះបីជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអនុញ្ញាតិអោយអ្នកគាំទ្រចូលទស្សនាផ្ទាល់ត្រឹមចំនួន១០ភាគរយនៃចំនួនសរុបរបស់ពហុកីឡដ្ឋានីមួយៗក៏ដោយ។

អ្នកគាំទ្ររបស់ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រុកមកគាំទ្រក្រុមរបស់ខ្លួនដោយឈរទស្សនានៅខាងក្រៅទីលាន មិនគិតពីការលំបាកអ្វីឡើយ។

សូមជម្រាបដែរថា នៅក្នុងវគ្គជម្រុះពានរង្វាន់លំដាប់លីគទី២កម្ពុជា ពូរប្រកួតដំបូងក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំបានរងបរាជ័យទាំងពីរប្រកួត ដោយប្រកួតទីមួយ ចាញ់យុវជនក្លិបបាល់ភ្នំពេញក្រោន ០ទល់នឹង៤ និងប្រកួតទីពីរ ចាញ់យុវជនក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ០ទល់នឹង២ នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុខេត្តកំពុងចាម៕