ប្រធានក្លិបបឹងកេត នៅតែមានឆន្ទៈក្នុងការសាងសង់ទីលានបាល់ទាត់របស់ខ្លួន នៅបឹងកេត ខេត្តកំពង់ចាម បើសិនសេដ្ឋកិច្ចល្អប្រសើរវិញ

666

ភ្នំពេញ៖លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់ បឹងកេត ដែលជាចំហមួយយ៉ាងសំខាន់ និងជាស្ត្រីដំបូង ក្នុងនាមជាប្រធានក្លិប ដឹកនាំក្លិបក្លាយម្ចាស់ជើងឯកលីគកំពូលកម្ពុជា នៅតែបង្ហាញឆន្ទៈចង់សាង់សងទីលានបាល់ទាត់របស់ខ្លួន នៅលើទឹកដីបឹងកេត ខេត្តកំពង់ចាម ដដែល បើសិនជាសេដ្ឋកិច្ចដំណើរការល្អប្រសើរវិញ ។

“ដំបូងឡើយយើងមិនមានគម្រោងធ្វើនៅភ្នំពេញនោះទេ ពោលគឺត្រូវធ្វើនៅបឹងកេត តែម្តង ប៉ុន្តែដោយសារតែពេលវេលាប្រថុចញ៉ុញពេក។ តាមពិតទៅ យើងត្រូវកក់លុយធ្វើទៅហើយ នៅលើផ្ទៃដីជាច្រើនហិកតាឯណោះ”។ នេះជាសម្តីលោកស្រីពុធ ធីតា ក្នុងកិច្ចសម្ភាសន៍ ក្រោយចប់កម្មវិធីប្រគល់ពាន និងបំពាក់មេដាយ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

ប្រធានក្លិបបឹងកេតរូបនេះសង្កត់ធ្ងន់ថា នៅក្នុងចិត្តវិញ គឺពិតជាចង់ធ្វើណាស់ ប៉ុន្តែចាំមើលសេដ្ឋកិច្ចពិតប្រាកដសិន

ជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ច ក្នុងបរិបទកូវីដ១៩ នេះ​ ប្រធានក្លិបបឹងកេតរូបនេះ បង្ហាញពីការលំ​បាកយ៉ាងខ្លាំង ដោយលោកស្រីប្រៀបធៀបថា “ដូចបិទក្បាលម៉ាស៊ីនតែម្តង” យ៉ាងណាក៏ដោយប្រធានក្លិបរូបនេះ សម្តែងការកោតសរសើរចំពោះក្រុមកីឡាករ  ដោយពួកគាត់មានការលះបង់ច្រើន ពោលគឺរវាងក្លិប និងកីឡាករ គឺយកបេះដូង តស៊ូរួមគ្នា ដោយចិត្តស្រលាញ់វិស័យកីឡា ទើបទទួលជោគជ័យបែបនេះ ។

សូមជម្រាបថា ក្លិបបាល់ទាត់ បឹងកេត ជាក្លិបមួយដែលប្រសូត្រមកពីក្លិបក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គិតត្រឹមឆ្នាំ២០២០ នេះ ក្លិបបឹងកេត បានគ្រងម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៤សម័យកាល ពោលគឺឆ្នាំ ២០១២, ២០១៦, ២០១៧ និងម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ ខណៈបានគ្រងម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ ផងដែរ៕