ប្រធានាធិបតីចាញ់ឆ្នោត ដូ ណាល់ត្រាំ អះអាងថា « លោកគ្មានវិធានការអ្វី ដើម្បីទប់ស្កាត់កូវីដ១៩ នៅអាមេរិកទៀតទេ»

56

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានធ្វើសន្និសីទកាសែត នៅវេលាម៉ោង៤រសៀល នៅសេតវិមានក្រុង​វ៉ាស៊ីនតោន។ ទាក់ទិននឹងវិវាទ តវ៉ា រឿងលទ្ធផលបោះឆ្នោត គឺលោកត្រាំបាន​ប្រើ​ពាក្យថា « ទុកឲ្យ​ពេលវេលាជាអ្នកសម្រេច »។ ពាក្យ​នេះ ហាក់មានន័យថា​ ដូចជាគាត់ ត្រៀមខ្លួន​ទទួលស្គាល់លទ្ធផល បើសិនជាគាត់ចាញ់ពិតមែន។

បើតាមការចុះផ្សាយដោយសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ ទាក់ទិននឹងបញ្ហាការឆ្លងរាលដាលកូវីដ១៩នេះវិញ លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ដរាបណា រដ្ឋាភិបាល​គាត់ នៅតែគ្រប់គ្រងសហរដ្ឋអាមេរិក គឺនឹងគ្មានវិធានការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ច ណាមួយឡើយ។

ដូច្នេះ ក្នុងអំឡុងពេលនេះ រហូតដល់ ពេល​មានរដ្ឋាភិបាលថ្មីចូលមកកាន់តំណែង នៅខែ​មករា គឺរដ្ឋសហព័ន្ធ នឹងមិនដាក់កំហិតណាមួយ ឲ្យ​រិតត្បិត​ការធ្វើដំណើរ ឬ បិទសកម្មភាពសេដ្ឋកិច្ចទេ ទោះកូវីដ១៩ ឡើងឆ្លងខ្លាំងកម្រិតណាក៏ដោយ។

លោកត្រាំ​ បាននិយាយធានាទៀតថា ក្នុងរវាងប៉ុន្មានសប្តាហ៍ខាងមុខ វ៉ាក់សាំងនឹងត្រូវអាចផលិត​ចេញ​បាន បាន​នឹងយកមកចាក់ឲ្យ​អ្នកដែលប្រឈមខ្លាំងមុនគេ មុននឹងបើកយុទ្ធនាការចាក់ ក្នុងទ្រង់ទ្រាយធំ នៅរវាង​ខែ​មេសា។ លោកអះអាងថា រដ្ឋបាលលោក និងផ្តល់អាជ្ញាបណ្ណបន្ទាន់ ដល់វ៉ាក់សាំង របស់មន្ទីរពិសោធន៍ Pfizer។

តែយ៉ាងណាក៏ដោយ វាមិនប្រាកដទេ ថាវ៉ាក់សាំងរបស់ មន្ទីរពិសោធន៍ Pfizer នេះ នឹងអាចផលិតចេញបានក្នុងរវាងប៉ុន្មានសប្តាហ៍ទៀត ដូចលោកដូណាល់ ត្រាំ អះអាង ហើយ​មួយវិញទៀត ដំណាក់កាលដំបូង គឺអាចយកទៅចាក់បាន តែទៅលើក្រុមមនុស្ស​ដែលងាយប្រឈមប៉ុណ្ណោះ ដូចជាបុគ្គលិកពេទ្យ ឬមនុស្សចាស់ជរាជាដើម។ ដូច្នេះ ទំរាំតែមានវ៉ាក់សាំង ចាក់​ឲ្យ​ប្រជាជនជាទូទៅ មិនមែនភ្លាមៗនេះទេ។

លោក Michael Mina អ្នកជំនាញ​ជំងឺឆ្លង នៅសកលវិទ្យាល័យ Havard បានលើកឡើងថា ត្រូវតែ​មានវិធានការបិទខ្ទប់សកម្មភាព​សេដ្ឋកិច្ច និង​ចរាចរណ៍មនុស្ស ឲ្យ​បានតឹងតែងបំផុត ជា​ពិសេស​គឺនៅក្នុង​រយៈពេលបុណ្យ Thanksgiving នៅចុងខែវិច្ឆិកានេះ។ បុណ្យ​នេះសំខាន់ណាស់​នៅអាមរិក ហើយ​ជាឱកាស​ ដែលប្រជាជនអាមេរិកធ្វើដំណើរទៅជួបជុំគ្នាក្នុងគ្រួសារ។

ដូច្នេះ​បើមិនចាត់វិធានការឲ្យ​ទាន់ពេលនេះទេ គឺការឆ្លង​រាលដាល នឹងស្ទុះឡើង ទប់មិនឈ្នះទេ៕