រឿងប៉ូលិសដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា កំពុងជួបចរចារគ្នាបញ្ចប់រឿង

183

ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ CPC NEWS សុំមិនបញ្ចេញអត្តសញ្ញាណ ថា នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជនសង្ស័យ ឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង និង ជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា កំពុងជួបចរចារគ្នាបញ្ចប់រឿង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

ទោះបីយ៉ាងណា CPC NEWS នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានទំនាក់ទំនងទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយសួរថា តើករណីនេះបញ្ជូនទៅតុលាការហើយឬនៅ ? គ្រាន់តែឮសំណួរ នេះ លោកអធិការ ឆ្លើយតបវិញ ថា កំពុងជាប់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ ។

យោងមាត្រា៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើសនិងជនរងគ្រោះ ឬ ក៏មានការដកពាក្យបណ្តឹងក៏ដោយ»

មាត្រា៧៥ ដដែល បន្តថា «មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុកកំណត់ហេតុ ឬ វត្ថុតាងដោយចេតនា ឬ ក៏លាក់កំបាំងដល់អាជ្ញាធរតុលាការអំពីអត្ថិភាពនៃកំណត់ហេតុ ឬ វត្ថុតាង ត្រូវចាត់ទុកថា មន្ត្រីនគរបាលនោះ បានប្រព្រឹត្តបទល្មើសដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកវត្ថុតាង»

គួររំលឹកថា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា និង ជាមិត្តភក្តិគ្នា ផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី ។

សមត្ថកិច្ច បានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បង្ហើបប្រាប់ CPC NEWS ថា ជនសង្ស័យជាប៉ូលិសរូបនេះមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា ។

អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ច ថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់ ។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅអោយជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើអោយជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន ។

ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យ បានតែម្តង ។ ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕