លោក ចូ បៃដិន បដិសេធមិនគាំទ្រទង្វើអ៊ីស្រាអែលដែលរំលោភបំពានទៅលើប៉ាឡេស្ទីន

56

ប៉ាឡេស្ទីន ៖ តាម​ការសង្កេត​របស់​អង្គការ​សង្គមស៊ីវិល​ប្រឆាំង​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល រដ្ឋាភិបាល​អ៊ីស្រាអែល បាន​បង្កើនល្បឿន គម្រោងការ​សាងសង់ សំណង់អាណានិគមកិច្ច​ជ្វីហ្វ ក្នុង​ទឹកដី​ប៉ាឡេស្ទីន នៅ ​មុន​ការផ្លាស់ប្តូរ រដ្ឋបាល​អាមេរិក។

កន្លងមក លោក​ដូណាល់ ត្រាំ បាន​ដើរផ្ទុយ​ពី​ជំហរ របស់​អង្គការ​សហប្រជាជាតិ ក៏ដូចជា​ខ្សែបន្ទាត់​នយោបាយ​ការទូត​របស់​អាមេរិក​កន្លងមក ដោយ​ធ្លាប់បាន​ប្រកាស​ថា អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន ដែល​រួមទាំង​ស៊ីហ្សកដានី និង​យេរូសាឡឹម​ខាងកើត មិន​ខុស​នឹង​ច្បាប់​អន្តរជាតិ នោះទេ។ ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលមាន​សំឡេង​ឆ្នោត តិចជាង​លោកចូ បៃដិន ទំនង​នឹង​ចាកចេញ ពី​សេតវិមាន នៅ​២ខែខាងមុខ។

បើតាមការដកស្រង់សម្តីរបស់សារព័ត៌មាន The New York Times ផ្ទុយពីលោកដូណាល់ល់ ត្រាំ លោក​ចូ បៃដិនប្រធានាធិបតី ឈ្នះឆ្នោត ធ្លាប់​បាន​ប្រកាស​ថា រដ្ឋបាល​របស់​លោក នឹង​ស្តារឡើងវិញ គោលជំហរ​របស់​អាមេរិក ដែលតែងតែ​ប្រឆាំង​រាល់​សំណង់អាណានិគមកិច្ច​ខុសច្បាប់​អន្តរជាតិ និងរាល់​សំណង់​ដែល​ជា​ឧបសគ្គ​ដល់​ការចរចា​បង្កើត​សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីន។

ដោយ​ប្រមើលមើល​ឃើញ​ជំហរ​ប្រឆាំងជាស្រេច ​របស់​អនាគត​ប្រធានាធិបតី​ថ្មី រដ្ឋាភិបាល​អ៊ីស្រាអែល បាន​បង្កើន​ល្បឿន នយោបាយ​សាងសង់​សំណង់អាណានិគមកិច្ច​របស់ខ្លួន នៅ​ទឹកដី​ប៉ាឡេស្ទីន ដែល​ខ្លួន​បាន​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​អន្តរជាតិ។

តាម​អង្គការ​សង្គមស៊ីវិល Ir Amim នៅ​សប្តាហ៍មុននេះ អាជ្ញាធរ​ដីធ្លី អ៊ីស្រាអែល បាន​ប្រកាស​ដាក់ដេញថ្លៃ គម្រោង​សាងសង់​លំនៅឋាន ប្រមាណ ១២០០​នៅ​សង្កាត់ Givat Hamatos។

អង្គការ​សង្គមស៊ីវិល​សំដែង​ការបារម្ភ​ពី​សំណង់អាណានិគមកិច្ច​ថ្មី នៅ​ភាគខាងកើត​យេរូសាឡឹម ព្រោះ​ថា វា​មិន​ត្រឹម​តែ​​ទៅបំផ្លាញ ការចរចា​សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីន​តែប៉ុណ្ណោះទេ ប៉ុន្តែ សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល នឹង​ទៅ​ពុះ កាត់ផ្តាច់ ទឹកដីប៉ាឡេស្ទីន ជាពីរ ពោល គឺ​កាត់ផា្តច់​មិន​Bethléem អាច​តភ្ជាប់​ទៅ យេរូសាឡឹម​ខាងកើត ដែល​ជា​អនាគត​រដ្ឋធានី របស់ប្រជាជន​ប៉ាឡេស្ទីន។

ការប្រកាស​ដាក់​ឲ្យ​ដេញថ្លៃ សំណង់​លំនៅឋាន​ជនជាតិ​ជ្វីហ្វ នៅ​Givat Hamatos ធ្វើឡើង​នៅ​តែ​មួយសប្តាហ៍​ក្រោយ ដែល​អ៊ីស្រាអែល បាន​សម្រេច​ឲ្យ​គេ​សាងសង់​ផ្ទះសម្បែង ៩៤ខ្នង​ថ្មី នៅសង្កាត់​អាណានិគមកិច្ច នៅ Ramat Shlomo នៅ​យេរូសាឡឹម​ខាងកើត។

សូមបញ្ជាក់ថា គឺ​ការផ្តល់​សិទ្ធិសាងសង់​ផ្ទះសម្បែង នៅសង្កាត់​អាណានិគមកិច្ច​នៅ​ Ramat Shlomo​កាលពីឆ្នាំ ២០១០ ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​អូបាម៉ា ដែល​មាន​លោក​ចូ បៃដិន ជាអនុប្រធានាធិបតី ផ្ទុះសង្រ្គាម​ពាក្យសំដី រិះគន់ ខ្លាំងៗ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនចាមីន នេតាន់យ៉ាហ៊ូ៕