លោក រ៉ូហានី ឲ្យលោក ត្រាំ យកពេលគិតរឿងធ្វើជំនួញ បញ្ឈប់ក្តីស្រមៃចង់វាយប្រហារអ៊ីរ៉ង់

29

វ៉ាស៊ីនតោន ៖ កាលពីពេលថ្មីៗនេះកាសែត New York Times បានរាយការណ៍ថា លោក​ ដូណាល់ ត្រាំ​បាន​រួមប្រជុំ​ក្រុមទីប្រឹក្សា​សំខាន់ៗ​ក្នុង​ការិយាល័យ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា​កន្លង​ទៅ នៅក្នុងគោលបំណងចង់វាយប្រហារទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់។

ទីប្រឹក្សា​សំខាន់ៗ​មាន​ដូច​ជា​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តី​ការពារជាតិ​ថ្មី​លោក Christopher Miller និង​មេបញ្ជាការ​កងទ័ព​លោក Mark Milley ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក​ត្រាំ​បាន​សួរ​ទៅ​កាន់​ក្រុម​ទីប្រឹក្សា​អំពី​ជម្រើស​របស់​ពួក​គេ​ដើម្បី​ប្រឆាំង​នឹង​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់។ ជម្រើស​ដែល​លោក​ត្រាំ​បាន​ពិចារណា គឺ​បើក​ការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។

ប៉ុន្តែក្រុម​ទីប្រឹក្សា​បាន​រារាំង​លោក​ត្រាំ​មិន​ឲ្យ​បើក​ការ​វាយប្រហារ​ដោយ​បារម្ភ​ពី​ហានិភ័យ​ដែល​អាច​បង្ក​ចេញ​នូវ​ជម្លោះ​រីករាល​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​តំបន់​មិន​អាច​គ្រប់គ្រង​បាន។ នៅ​ទីបំផុត លោក​ត្រាំ​បាន​ស្តាប់​យោបល់​របស់​ក្រុម​ទីប្រឹក្សា និង​បាន​ដក​ខ្លួន​ថយ​វិញ។

ដោយឡែក ពេលដែលទទួលបានដំណឹងថា លោក ត្រាំ ចង់វាយប្រហារខ្លួននោះ ភាគីអ៊ីរ៉ង់វិញពេលលឺដំណឹងហើយបែរជាព្រងើយកន្តើយទៅវិញ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បាននិយាយថា “លោកឈប់ខ្វល់នឹងសម្តីលោក ត្រាំ យូរហើយ”

លោក រ៉ូហានី ក៏បានប្រាប់ឲ្យលោក ត្រាំ គួរគិតគូររឿងធ្វើជំនួញវិញ ហើយបញ្ឈប់ក្តីស្រមៃចង់វាយប្រហារអ៊ីរ៉ង់តទៀត។

គួរ​រម្លឹក​ថា ការ​ដែល​លោក​ត្រាំ​បាន​រួមប្រជុំ​ក្រុម​ទីប្រឹក្សា និង​ពិចារណា​ចង់​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អ៊ីរ៉ង់​ធ្វើ​ឡើង ក្រោយ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​កំពុង​បន្ត​បង្កើន​ការ​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​នៅ​ក្នុង​បរិមាណ​មួយ​លើស​ពី​ការ​កំណត់​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥៕