អាមេរិកបញ្ជូនមន្ត្រីសំខាន់មួយរូបទៅកាន់វៀតណាម ដើម្បីជួយពង្រឹងសន្តិសុខក្នុងតំបន់

31

ហាណូយ ៖ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក O’Brien បានចាកចេញពីអាមេរិកកាលថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។

បើតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម VnExpress លោក O’Brien នឹងជួបមេដឹកនាំនៅក្នុងប្រទេសទាំងពីរ ដើម្បីបញ្ជាក់ពីភាពខ្លាំងនៃទំនាក់ទំនងទ្វេភាគី។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទកាសែតថាលោក O’Brien នឹងស្ថិតនៅប្រទេសវៀតណាមចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំថ្នាក់ខ្ពស់ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលពាក់ព័ន្ធទាំងប្រទេសវៀតណាម និង អាមេរិក។

នេះជាការធ្វើទស្សនៈកិច្ចលើកទីពីរហើយរបស់មន្ត្រីការទូតអាមេរិក ដោយកាលពី ២សប្តាហ៍មុនរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីបន្តការគាំទ្ររបស់ខ្លួនចំពោះប្រទេសវៀតណាម ដែលជាប្រទេសមួយកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំង។

គួរជម្រាបថា លោក O’Brien គឺជាមនុស្សទីបួនដែលកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិក្នុងអំឡុងពេលនៃតំណែងប្រធានាធិបតីដូណាល់ត្រាំ៕