លោក សរ ចិត្រា អគ្គលេខាធិការងក្រសួងកសិកម្ម និងជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាសះស្បើយពីកូវីដ-១៩ ខណៈមានអ្នកឆ្លងថ្មីម្នាក់

25

ភ្នំពេញ៖លោក សរ ចិត្រា ជនជាតិ ខ្មែរ អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអាសយដ្ឋាននៅសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន និងជាអ្នកពា់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានជាសះស្បើយពីវីរុសកូវីដ-១៩ ហើយ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

ការប្រកាសជាសះស្បើយរបស់ក្រសួងសុខាភិបាលនាពេលនេះ ក្រោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញមានឆ្លងវីរុសកូវីដ-១៩ ថ្មី ម្នាក់ទៀតផងដែរ បុរសជាជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល ធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

សូមជម្រាបថា បច្ចុប្បន្ននេះ បុរសជនជាតិខ្មែរ ដែលទើបនឹងឆ្លងវីរុសកូវីដ-១៩ ថ្មី រូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញផងដែរ៕