ពលរដ្ឋវៀតណាមអាចនឹងលែងបានប្រើប្រាស់ Facebook រហូត

50
អ្នកលេងហ្វេសប៊ុកនៅវៀតណាម

ហាណូយ ៖ វៀតណាមបានគំរាមបិទ Facebook នៅក្នុងប្រទេសរបស់ខ្លួនប្រសិនបើខ្លួនមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលឲ្យត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតនៅលើវេទិការបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ម្នាក់ក្រុមហ៊ុនរបស់អាមេរិកមួយនេះបានប្រាប់ Reuters ថា Facebook បានអនុវត្តតាមសំណើរបស់រដ្ឋាភិបាលកាលពីខែមេសាដើម្បីបង្កើនការត្រួតពិនិត្យរបស់ខ្លួនលើការបង្ហោះ “ប្រឆាំងរដ្ឋ” សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុកប៉ុន្តែប្រទេសវៀតណាមបានស្នើសុំឲ្យក្រុមហ៊ុននេះបង្កើនការរឹតត្បិតលើការបង្ហោះរិះគន់ជាថ្មីម្តងទៀតនៅក្នុងខែសីហា។

ដោយសារតែនេះជាបញ្ហារសើប មន្ត្រីដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “យើងបានធ្វើកិច្ចព្រមព្រៀងមួយកាលពីខែមេសា។ Facebook បានគាំទ្រកិច្ចព្រមព្រៀងរបស់យើងហើយយើងរំពឹងថារដ្ឋាភិបាលវៀតណាមនឹងធ្វើដូចគ្នា”។

លោកបន្តថា “ពួកគេបានវិលត្រឡប់មករកយើងវិញហើយបានស្នើឲ្យយើងបង្កើនបរិមាណមាតិកាដែលយើងរឹតត្បិតនៅក្នុងប្រទេសវៀតណាម។ សំណើនោះបានកើតឡើងជាមួយនឹងការគំរាមកំហែងមួយចំនួនអំពីអ្វីដែលអាចនឹងកើតឡើងប្រសិនបើយើងមិនធ្វើ”។

មន្រ្តីនិយាយថា ការគំរាមកំហែងរួមមានការបិទ Facebook ទាំងស្រុងនៅក្នុងប្រទេសវៀតណាមដែលជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះហើយជាកន្លែងខ្លួនអាចរកចំណូលបានជិត១ពាន់លានដុល្លារអាមេរិក៕