សមត្ថកិច្ច ឃាត់ខ្លួនប្រជាការពារម្នាក់ ពាក់ព័ន្ធការស្លាប់របស់បុរសខ្មែរឥស្លាម ដែលរងការចោទប្រកាន់ ថា ជាចោរលួចចេក២ស្ទង

343

កណ្តាល៖ប្រជាការពារភូមិកំពង់ព្រីងម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសាកសួរករណីការស្លាប់របស់បុរសខ្មែរឥស្លាមម្នាក់ ដែលរងការចោទប្រកាន់ ថា ជាចោរលួចចេក២ស្ទង ។ ប៉ុន្តែ ក្រោយការសាកសួរ តុលាការបានអនុញ្ញាតអោយប្រជាការពាររូបនេះ ត្រឡប់ទៅផ្ទះ វិញ តែនីតិវិធីនៅបន្តដដែល ។

ប្រជាការពាររូបនេះមានឈ្មោះ ផុន សាន ភេទប្រុស អាយុ៥៣ឆ្នាំ ។ ចំណែកបុរសខ្មែរឥស្លាមម្នាក់ ដែលស្លាប់និងរងការចោទប្រកាន់ ថា ជាចោរលួចចេក២ស្ទង មានឈ្មោះ យ៉េប សឹកគ្រៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅលើទូកក្នុងទន្លេបាសាក់ ។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា នៅថ្ងៃកើតហេតុ គឺ ជនសង្ស័យបានកាន់កូនកាំបិត បម្រុងចាក់ទៅលើប្រជាការពារ ទើបប្រជាពលរដ្ឋ បានយកដុំថ្មគប់រហូតធ្លាក់ទឹកស្លាប់ តែម្តង ។

ដោយឡែក លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS ថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតអោយប្រជាការពារឈ្មោះ ផុន សាន ត្រឡប់ទៅផ្ទះវិញ ព្រោះនេះ ជាការការពារខ្លួនស្របច្បាប់ ។ ប៉ុន្តែ ដំណើរនីតិវិធី នៅបន្តដដែល ។

ការការពារខ្លួនស្របច្បាប់ នៃមាត្រា៣៣ ក្រមព្រហទណ្ឌ ចែងថា «បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។

ការការពារស្របច្បាប់ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម នេះ ៖

  -បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ ។

  -បទល្មើសនិងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

  -គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹងទម្ងន់នៃការឈ្លានពាន ។

ដំណើររឿងនៃករណីនេះ ត្រូវបានសមត្ថកិច្ច បង្ហើបប្រាប់ CPC NEWS ថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋប្រហែល៣០ទៅ៤០នាក់ ខ្លះមានកាន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នារត់ដេញគប់និងវាយជនសង្ស័យម្នាក់ ដោយបានស្រែកថា ជនសង្ស័យនោះ បានធ្វើសកម្មភាព លួចចេកពងមាន់របស់គេ២ស្ទងនៅ សង្កាត់កោះអន្លង់ចិន ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ៣នាក់ ព្រមទាំងប្រជាការពារភូមិជាច្រើននាក់ បាននាំចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយមានប្រជាការពារ ម្នាក់ឈ្មោះ ផុន សាន ផងដែ។

នៅពេលនោះ ឃើញជនរងគ្រោះឈ្មោះ យ៉េប សឹកគ្រី កំពុងតែរត់ កាន់កូនកាំបិតចុងស្រួច១ និង បានទម្លាក់ចេកពងមាន់២ស្ទង នៅលើផ្លូវ  ហើយរត់កាន់កូនកាំបិត លោតចូលក្នុងស្រះទឹក នៅខាងក្រោយរោងចក្រ Gold Farm ។

នៅពេលទៅដល់ស្រះទឹក សមត្ថកិច្ចប៉ុស្តិ៍សិត្បូ២នាក់និង ប្រជាការពារភូមិ ឈ្មោះផុន សាន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាឈរព័ទ្ធចាំ នៅខាងកើតស្រះ ។ ចំណែក សមត្ថកិច្ចប៉ុស្តិ៍សិត្បូម្នាក់និងប្រជាការពារភូមិ២នាក់ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាឈរចាំព័ទ្ធនៅខាងលិចស្រះ។

ក្រោយមក នៅពេលនាំគ្នាស្រែកហៅ ជនសង្ស័យ ដែលកំពុងតែហែលទឹកចុះឡើង មិនព្រមឡើងគោក មានប្រជាការពារ២នាក់និងប្រជាពលរដ្ឋម្នាក់ បាននាំគ្នាយកទូកអ៊ុជិះពី ត្រើយខាងលិច មករកជនសង្ស័យ ដែលកំពុងតែនៅក្នុងទឹកកណ្តាលស្រះ ហើយនៅពេលអ៊ុទូកជិតដល់ ជនសង្ស័យ បានហក់ឡើងឈរលើទូក រួចជនសង្ស័យបានយកកូនកាំបិតចុងស្រួចដេញចាក់ប្រជាការពារ២នាក់និងប្រជាពលរដ្ឋម្នាក់ ធ្លាក់ក្នុងទឹក ។

នៅពេលឃើញដូចនេះ ប្រជាការពារឈ្មោះផុន សាន ដែលឈរចាំនៅត្រើយខាងកើតមានចំងាយប្រហែល៣ម៉ែត្រពីទូក បានយកដុំថ្មមួយដុំយ៉ាងធំគប់ចំលើក្បាលបុរសខ្មែរឥស្លាម ធ្លាក់ពីលើទូកចូលក្នុងទឹក ដាច់ខ្យល់ស្លាប់បាត់ទៅ ។

តាមលទ្ធផលការស៊ើបអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ច គឺ មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ១២នាក់ រស់នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ  បាននាំគ្នាប្តឹង ឈ្មោះយ៉េប សឹកគ្រី ពីបទ អំពើលួចដំណាំហូបផ្លែជាច្រើន មុខ កន្លងមក។

តាមការបំភ្លឺរបស់ឈ្មោះ យ៉េប រ៉ណី ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់សពឈ្មោះ យ៉េប សឹកគ្រៃ ប្រាប់ថា ជនរងគ្រោះជាមុខសញ្ញាចោរកម្ម ឃើញលួចដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនយកទៅលក់នៅផ្សារជាញឹកញាប់ ។

តាមការបំភ្លឺរបស់ប្រជាការពារ២នាក់គឺឈ្មោះនូ ជីវ័ន និង ឈ្មោះស័រ ហុកសេង  បានប្រាប់ថានៅពួកគាត់បានអ៊ុទូកជិះទៅជាមួយប្រជាពលរដ្ឋម្នាក់ទៅដល់កណ្តាលស្រះ ក៏ត្រូវជនរងគ្រោះដកកូនកាំបិតដេញចាក់ពួកគាត់បណ្តាលឲ្យធ្លាក់ចូលទឹក។

តាមការឆ្លើយបំភ្លឺរបស់ប្រជាការពារ ឈ្មោះ ផុន សាន បានប្រាប់ថា គាត់គ្មានចេតនាយកដុំគប់ ទៅលើឈ្មោះ យ៉េប សឹកគ្រៃ អោយធ្លាក់ទឹកស្លាប់នោះទេ គឺដោយសារតែឃើញគាត់យកកូនកាំបិតដេញចាក់ប្រជាការពារ២នាក់និងប្រជាពលរដ្ឋ ។

តាមការសន្និដ្ឋាន គឺ ឈ្មោះ យ៉េប សឹកគ្រៃ ពិតជាស្លាប់ ដោយសារប្រជាការពារ ឈ្មោះ ផុន សាន យកដុំថ្ម គប់ចំក្បាល បណ្តាល ឲ្យធ្លាក់ក្នុងទឹកដាច់ខ្យល់ស្លាប់ ប្រាកដមែន តែឈ្មោះ ផុន សាន គ្មានចេតនាគប់ស្លាប់នោះឡើយ ដែលសកម្មភាពដែលគប់ដុំទៅជនរងគ្រោះគឺក្នុងគោលបំណងការពារខ្លួន តែប៉ុណ្ណោះ ៕