បុរសអាមេរិកកាំងម្នាក់ បញ្ចេញកំហឹងជាមួយទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ (វីដេអូ)

188

ភ្នំពេញ៖នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ​ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ​ ជនជាតិ​អាមេរិកកាំង​ នៅចំណុច​សណ្ឋាគារ​អាខ្វារៀស​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ ក្រោយធ្វើសកម្មភាព វាយកម្ទេចទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ។

សមត្ថកិច្ច បញ្ជាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា កាលពីយប់ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែល​ជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ​ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ ទូរATM ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ​ កែងផ្លូវ១១០​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ ។

ឆ្លងតាមការសាកសួរ , ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ វាយបំផ្លិចបំផ្លាញម៉ាស៊ីន​ និងទ្វារ​ទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ​ ពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕