កូនប្រុសដុតផ្ទះម្តាយចំណាស់ចោលទាំងស្រុង តើអោយគាត់រស់នៅទីណា ?

111

កណ្តាល៖នគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនកូនប្រុសម្នាក់ ដែលបានដុតផ្ទះម្តាយចំណាស់ចោលទាំងស្រុង ដែលពេលនេះ គាត់មិនដឹងរស់នៅទីណា នោះទេ ។

សកម្មភាព នេះ បានឡើងនៅចំណុចភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ច បញ្ជាក់ថា ឈ្មោះ ជឹម វណ្ណា ភេទស្រី អាយុ៦២ឆ្នាំ មុខរបរ កសិករ ត្រូវជាម្តាយ ។ ចំណែក កូនប្រុស ឈ្មោះ ពៅ រណ្ណៈ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។

កន្លងមក ជនសង្ស័យធ្លាប់បានប្រើប្រាស់គ្រឿងញៀន និង ធ្លាប់រករឿងឈ្លោះជាមួយម្តាយរបស់ខ្លួនជាញឹកញាប់ ។

លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានទៅដេកលេងនៅកញ្ចុះដីឡូតិ៍ មួយកន្លែងស្ថិតនៅក្បែរផ្ទះរបស់ខ្លួន ត្រឡប់មកផ្ទះវិញ ទើបសួរម្តាយ ថា «ឃើញកូនរបស់ខ្ញុំអត់ម៉ែ» ពេល នោះម្តាយបាន ឆ្លើយ ថា «មិនបានឃើញទេ» រួច ជនសង្ស័យ ក៏ដើរចេញពីផ្ទះ ។

ក្រោយមក ជនសង្ស័យ បានមកផ្ទះវិញ និង បានដើរទៅដើររានទេវតា រួច យកធាតុរបស់ឪពុក របស់ខ្លួន និង យកកាំបិតបុ័ងតោ មកកាត់ខ្សែសីមា ដើម្បីមើលធាតុឪពុក ។ ពេលនោះ ជនរងគ្រោះជាម្តាយ បានស្រែកប្រាប់ថា «ហ្អែងយកធាតុគាត់មកធ្វើអី» ពេលនោះ ជនសង្ស័យ បានគាស់ធាតុ មើលរួច យកទៅទុកចោលនៅលើគ្រែ ហើយ ក៏ដើរចេញទៅយកសាំងមួយដបក្នុងតូបលក់ចាប់ហួយ នៅមុខផ្ទះ និង យកក្រមា រុំ ជាមួយឫស្សី ហើយ ក៏ដើរឡើង ទៅលើ ផ្ទះរបស់ខ្លួន រួចបានចាក់សាំងដុតផ្ទះដែលមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ធ្វើពីឈើប្រកក្បឿង បណ្តាលអោយឆេះអស់ទាំងស្រុង តែម្ដង ។

ពេលនេះ សមត្ថកិច្ចកំពុងចាត់ការជនសង្ស័យតាមច្បាប់ មុនបញ្ជូនទៅតុលាការ ៕