មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បែរជាជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

309

ភ្នំពេញ៖លោកស័ក្តិ៣ ហ៊ីង តុលា មន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចម្តុំស្តុបធនាគារកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សមត្ថកិច្ច ទើបបង្ហើបប្រាប់ CPC NEWS នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖១៥នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុចម្តុំក្តាន់ពីរR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស ដោយបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន ចំនួន ២០៩កញ្ចប់ ។

បន្ទាប់ពីប្រើវិធានការជំនាញសួររកចម្លើយរួមមក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ច ចុះឆែកឆេរត្រួតពិនិត្យនៅតំបន់សំណង់មិនរៀបរយនៅម្តុំផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ និង បានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀន និងអាវុធកែច្នៃមួយចំនួន ហើយបានធ្វើការឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យឈ្មោះ សុង ដេត ភេទប្រុស និង មនុស្ស៧នាក់ បន្ថែមទៀតនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ។

លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩៖០០នាទី កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចក បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ។

ពេលនេះ សមត្ថកិច្ច កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និង ក្រុមបក្ខពួកដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕