វ៉ាស៊ីនតោន ៖ ការឆ្លងរាលដាល និងមរណៈភាពបណ្តាលមកពីជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គឺមានលក្ខណៈគួរឲ្យបារម្ភ និងតក់ស្លុតខ្លាំងណាស់ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក(CDC) បានរាយការណ៍ថា នៅថ្ងៃសុក្រម្សិលមិញនេះពួកគេបានរកឃើញមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១២,៨២៣,០៩២ ករណី និងចំនួនអ្នកស្លាប់បានកើនឡើងពីចន្លោះ ៣,៦៦៨ នាក់ទៅ ២៦២,៦៧៣ នាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៨ ខែវិច្ឆិកា។
CDC បានក៏បានព្រមានពីសញ្ញាអាសន្ននៃការរីករាលដាលនៃករណីឆ្លងវីរុស COVID-19 ដែលកើនឡើងខ្លាំងគួរឱ្យបារម្ភ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីចាញ់ឆ្នោតលោកដូណាល់ ត្រាំ ធ្លាប់បាននិយាយថា តាមពិតអាមេរិកមានអ្នកឆ្លងកូវីដ១៩ច្រើន គឺមកពីអាមេរិកបានធ្វើតេស្តបានច្រើនជាងគេ។ ដូច្នេះលោកនិងបញ្ជាឲ្យបន្ធូរដៃរឿងធ្វើតេស្តបន្តិច ដើម្បីកុំឲ្យមានអ្នកឆ្លងច្រើនពេក។
ប៉ុន្តែ លោក Antony Fauci អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមដ៏ល្បី ហើយដែលគ្រប់គ្នាគោរពនោះ បានលើកឡើងនៅចំពោះមុខគណកម្មការសភាតំណាងថា តួលេខចំនួនអ្នកឆ្លងកូវីដ១៩ ដែលចេះតែកើនឡើងខ្ពស់យ៉ាងរហ័សនេះ គឺដោយសារតែការឆ្លងរាលដាល ក្នុងចំណោមប្រជាជន បានធ្វើទៅដោយរហ័សជាទីបំផុត។ លោកថា ចំណុចនេះ ធ្វើឲ្យលោកព្រួយបារម្ភខ្លាំងណាស់។ អ្នកជំនាញអាមេរិករូបនេះ បានព្យាករណ៍ថា ២សប្តាហ៍ទៀត ស្ថានការណ៍អាចនឹងកាន់តែធ្ងន់ ជាមួយនឹងកម្រិតឆ្លងរាលដាល ដែលឡើងខ្ពស់ខ្លាំងបែបនេះ។
បើយើងស្តាប់តែសម្តីរបស់លោកដូណាល់ ត្រាំ គឺហាក់ដូចជាមិនមានអ្វីបារម្ភមែន តែបើស្តាប់សំដីរបស់អ្នកជំនាញពិតប្រាកដ ព្រមទាំងយើងមើលតួលេខជាក់ស្តែង គឺសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់។
គួរជម្រាបថា ក្រោយការបូកបញ្ជូនចំនួនថ្មីៗខាងលើនេះ នាំឲ្យចំនួនអ្នកឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនដល់ ១៣,៤៥៤,២៥៤នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ២៧១,០២៦នាក់ និងជាសះស្បើយឡើងវិញជាង ៧,៩៤៥,៥៨២នាក់។
ដោយឡែកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានព្យាករណ៍ថា ចំនួនអ្នកស្លាប់ដោយសារ កូវីដ១៩ នៅទូទាំងសហរដ្ឋអាមេរិក នឹងកើនឡើងខ្លាំងបន្ថែមទៀតនៅដើមខែធ្នូ ខាងមុខនេះ៕