អ៊ីរ៉ង់ ចង្អុលមុខអ៊ីស្រាអែលចំៗ ថាជាអ្នកធ្វើឃាត បិតាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោរបស់ខ្លួន

99

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបាត់បង់អ្នកវិទ្យាសាស្ត្រដ៏ពូកែម្នាក់ទៀតហើយ ដែលអ៊ីរ៉ង់ចាត់ទុកថាជាបិតាវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោរបស់ខ្លួនម្នាក់ ក្រោយហេតុការណ៍បាញ់ប្រហារធ្វើឃាត ខណៈដែលលោកកំពុងនៅក្នុងរថយន្តកាលពីថ្ងៃសុក្រម្សិលមិញ។

បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចង្អុលមុខប្រទេសអ៊ីស្រាអែលចំៗ ថាជាឃាតករដៃឆៅនៅក្នុងការវាយប្រហារនេះ។

ក្រសួងការពារជាតិអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រឈ្មោះ Mohsen Fakhrizadeh បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលក្រុមអ្នកវាយប្រហារបានវាយប្រហាររថយន្តរបស់គាត់ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យពុំអាចសង្គ្រោះជីវិតលោក Fakhrizadeh បានទេ។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិឱ្យថ្កោលទោសចំពោះអំពើភេរវកម្មនេះ ហើយបញ្ឈប់ដាក់ស្តង់ដារពីរដ៏គួរឱ្យអាម៉ាស់ក្នុងការដាក់ទោស និងចាប់កំហុងតែទៅលើប្រទេសអ៊ីរ៉ង់៕