អាមេរិកទាមទារឲ្យវេណេស៊ុយអេឡា ប្រគល់អ្នកទោស ៦នាក់មកកាត់ទោសនៅអាមេរិកវិញ

24

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្តន្ទាទោសរបស់តុលាការវេណេស៊ុយអេឡាទៅលើអតីតនាយកប្រតិបត្តិចំនួន ៦ នាក់របស់ក្រុមហ៊ុនចម្រាញ់ប្រេង ក្រោមបទចោទអំពើពុករលួយ។

បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានទាមទារអ្នកទោសទាំង៦នាក់នេះ ត្រឡប់មកកាត់ទោសនៅអាមេរិកវិញ ដែលជាទឹកដីដើមកំណើររបស់ពួកគេ ខណៈដែលពួកគេបានជាប់ឃុំនៅពន្ធនាគារវេណេស៊ុយអេឡា ៣ឆ្នាំមកហើយ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកដែលជិតផុតអាណត្តិរូបនេះ បានមើលស្រាលពន្ធនាគារវេណេស៊ុយអេឡា ថាជាកន្លែងដែលគួរឲ្យសង្វែក និងគួរឲ្យរន្ធត់បំផុត។

សូមជម្រាបថា អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេងស៊ីធីអាយវីចំនួន ៦ នាក់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៨ ឆ្នាំទៅ ១៣ ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទពុករលួយ និង ពិន័យជាប្រាក់ចំនួន ២ លានដុល្លារអាមេរិកដែលស្មើនឹង ៤០ ភាគរយនៃតម្លៃទំនិញដែលបានរឹបអូស៕