ប៉េកាំង ៖ មិនខុសពីប្រទេសជាច្រើនទៀតក្នុងពិភពលោកឡើយ ចិនបានពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរព្រោះតែជំងឺកូវីដ១៩។ សេដ្ឋកិច្ចចិននៅឆ្នាំ ២០២០ បានរងផលប៉ះពាល់ខ្លាំងមិនធ្លាប់មាននោះទេក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារតែវិធានការបិខខ្ទប់ប្រទេសកាលពីពេលកន្លងមកនេះ។
យ៉ាងណាមិញ សេដ្ឋកិច្ចចិនមានភាពប្រសើរឡើងវិញបន្ទាប់ពីអាជ្ញាធរអាចគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដចាប់ខែមេសាមក។ ហើយចិនក៏ទំនងជាប្រទេសមហាអំណាចពិភពលោកតែមួយគត់ដែលមានអត្រាកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំនេះ។ តាមតួលេខផ្លូវការរបស់ការិយាល័យស្ថិតិចិន សេដ្ឋកិច្ចចិនមានកំណើនជាប់ៗគ្នានៅត្រីមាសទី២ (៣,២%) និងត្រីមាសទី៣ (៤,៩%) នាឆ្នាំ២០២០នេះ។
ដ្បិតថាសេដ្ឋកិច្ចចិន បានងើបឡើងមកវិញក្តី តែវានៅតែមិនទាន់រឹងមាំល្អដូចធម្មតានោះទេ និងអាចប្រឈមនឹងហានិភ័យមួយចំនួន។ នៅក្នុងសន្និសីទស្តីអំពីការងារសេដ្ឋកិច្ច ក្រោមអធិបតីភាពរបស់លោកប្រធានាធិបតីស៊ី ជីនពីង ក្រុមមន្ត្រីចិនបាននិយាយថាការកើនឡើងមកវិញនៃសេដ្ឋកិច្ចចិន គ្មានស្ថិរភាពនិងភាពប្រកដប្រជានោះទេ។
ហេតុដូចនេះ ដើម្បីអាចស្តារកំណើនសេដ្ឋកិច្ចឲ្យខ្លាំងឡើងដូចធម្មតាវិញ ប៉េកាំងនឹងជំរុញឲ្យមានការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការច្នៃប្រឌិតបច្ចេកវិទ្យា អាជីវកម្មខ្នាតតូច និងគម្រោងបៃតងទៅក្នុងគោលនយោបាយសម្រាប់ឆ្នាំថ្មីរបស់ខ្លួន។
បូកបន្ថែមពីលើនេះ ក្រុមមន្រ្តីរដ្ឋាភិបាលចិនក៏បានអះអាងដែរថាពួកគេនឹងទប់ស្កាត់ការពង្រីកដើមទុនដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីប្រឆាំងនឹងភាពផ្តាច់មុខរបស់ក្រុមហ៊ុនណាមួយ។
គេដឹងថា ការអះអាងរបស់មន្ត្រីចិនបែបនេះធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបង្ហាញសញ្ញាមិនពេញចិត្តនាពេលថ្មីៗនេះ ចំពោះដែនអំណាចដែលកំពុងរីកសាយភាយខ្លាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន។
កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋបាលលោកស៊ី ជីនពីង ថែមទាំងបានចេញសេចក្តីព្រាងច្បាប់ប្រឆាំងនឹងសេចក្តីជឿទុកចិត្ត ដោយស្នើឲ្យមានបទប្បញ្ញត្តិបន្ថែមទៀតដើម្បីអាចកណត់ព្រំដែនរបស់ក្រុមហ៊ុនមហាសេដ្ឋីចិនលោកជេក ម៉ាទៀតផង៕