ភ្នំពេញ៖ក្រោយពីប្រមូលភស្តុតាងនៅកន្លែងកើតហេតុ សាកសួរសាក្សីឃើញហេតុការណ៍ផ្ទាល់ និង ការស៊ើបអង្កេតតាមជំនាញយ៉ាងច្បាស់លាស់ នោះ គឺ ពេលនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាឃាតក បាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានហើយ ។
តាមប្រភពព័ត៌មានគួរអោយទុកចិត្តបានពីសមត្ថកិច្ច ដែល CPC NEWS ទើបទទួលបាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ គឺ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនក្រុមឃាតក និង រំពឹង ថា នឹងចាប់បាន នាពេលឆាប់ៗខាងមុខនេះ ។
សមត្ថកិច្ច បង្ហើបថា ការតាមចាប់ខ្លួនក្រុមឃាតក ក៏ប្រឈមមុខនឹងគ្រោះថ្នាក់ ផងដែរ ដោយសារតែក្រុមឃាតក មានកាំភ្លើងក្នុងដៃ ដែលអាចប្រទូស្តរាយនឹងគ្នា ប្រសិនបើប្រតិបត្តិការ នេះ មិនច្បាស់លាស់ និង ធ្វើដោយគ្មានប្រសិទ្ធភាព ទេនោះ ។
ប្រតិបត្តិការ ដែលគេដឹងថា កំពុងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ គឺ បានតាមជាប់រហូតដោយសមត្ថកិច្ចពុំបានសម្រាកឡើយ ដែលលទ្ធផល ដំបូង បានរកឃើញឡានជនល្មើស ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 តែត្រូវបានដាក់ផ្លាកលេខចេញ និង ត្រូវបានផ្លុងចោល នៅជិតភ្នំបាសិត ខណ្ឌព្រែកព្នៅ ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ។
រឿងរ៉ាវដែលកំពុងផ្ទុះកក្រើក នេះ មានមជ្ឈដ្ឋានមួយចំនួន បង្ហាញជាចម្ងល់ ថា តើករណីនេះ កើតឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ឈានដល់ការបាញ់សម្លាប់ភ្លាមៗ ឬ ជាការរៀបចំទុកជាមុន ? ។ ចម្ងល់ទាំងនេះ នឹងការលាតត្រដាង នៅពេលសមត្ថកិច្ចចាប់ខ្លួនក្រុមឃាតករ បាន ។
សូមបញ្ជាក់ថា អំពើបាញ់ប្រហារ នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានអោយដឹងថា ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ។ ចំណែកជនរងគ្រោះ ជិះរថយន្តម៉ាក Ford Raptor F150 ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BD-3738 ។
ដំណើរឿងមួយនេះ ត្រូវបានរៀបរាប់ក្នុងរបាយការណ៍ ថា ជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន បានចេញពីហាងស៊ុបនៅម្តុំវត្តភ្នំ ហើយជនរងគ្រោះបើករថយន្តលើមហាវិថីសហព័ទ្ធរុស្ស៊ី ពីកើតមកលិច ។
ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A-4546 ដោយនៅក្នុងរថយន្តមានគ្នាចំនួន៥នាក់ ប្រុស២នាក់ ស្រី២នាក់ និង ក្មេងតូចម្នាក់ បានបុកពីក្រោយរថយន្ត Ford របស់ជនរងគ្រោះ ផ្នែកខាងឆ្វេងបណ្តាលអោយខូចខាត ។ ចំណែករថយន្ត Lexus RX300 ខូចខាតខាងស្តាំផ្នែកខាងមុខ ។
ពេលនោះ ជនរងគ្រោះ រ៉េត ស៊ីណែត បានបើករថយន្តបាំងពីមុខរថយន្ត Lexus RX300 រួចដកកាំភ្លើងខ្លីម៉ាក Glock ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណងមិនអោយបើកគេចខ្លួន ។
បន្ទាប់មក ជនបង្កទាំង២នាក់ ក៏បានចុះមកចរចារជាមួយជនរងគ្រោះ ដោយព្រមព្រៀងយករថយន្ត Ford ទៅជួសជុសនៅម្តុំក្រោយពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្តមកអែបខាងទាំងអស់គ្នា ។ ពេលនោះ មនុស្សស្រី២នាក់ និង ក្មេងតូចម្នាក់ បានជិះ Pass App ចេញពីកន្លែងកើតហេតុទៅមុន ។
ចំណែកជនរងគ្រោះ និង ឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford ដែលខូចខាតក៏ស្រាប់តែជនល្មើស២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះពីក្រោយបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។
ចំណែកជនល្មើស២នាក់ បានបើកឡាន Lexus RX300 ឆ្ពោះទៅទិសខាងលិចតាមមហាវិថីសហព័ទ្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើលជនរងគ្រោះ ហើយដកកាំភ្លើងរបស់ជនរងគ្រោះពីក្នុងហោប៉ាវខាងស្តាំបាញ់ចំនួន៣គ្រាប់ ឡើងទៅលើ ។
ជុំវិញបញ្ហានេះ ការិយល័យបច្ចេកទេសវិទ្យាសាស្ត្រ និង ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យរាជធានីភ្នំពេញ បានធ្វើកោលស្យវិច័យ ដោយបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មបាញ់សម្លាប់ បង្កដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕









