សមត្ថកិច្ច កំពុងវែកមុខជនសង្ស័យ៣នាក់ ដែលក្លែងបន្លំ «សញ្ញាបត្រ វេជ្ជបណ្ឌិត»

3083

ភ្នំពេញ៖សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរកឃើញថា មានជនសង្ស័យ៣នាក់ បានក្លែងបន្លំ «សញ្ញាបត្រ វេជ្ជបណ្ឌិត» ដែលពេលនេះ សមត្ថកិច្ចជំនាញកំពុងតាមវែកមុខ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

យោងតាមលិខិតរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ជម្រាបមក លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នេះ បានអោយដឹងថា ក្រោយពីមានការសង្ស័យចំពោះ «សញ្ញាបត្រវេជ្ជបណ្ឌិត» របស់ឈ្មោះ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត ដែលបានយកទម្រង់តាមសញ្ញាបត្ររបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល , ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានស្នើសុំការផ្ទៀងផ្ទាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចេញលិខិតបញ្ជាក់ថា សញ្ញាបត្រវេជ្ជបណ្ឌិតរបស់អ្នកទាំង៣នេះ ពុំមែនជាសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទេ ។

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ សូមអោយលោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ស្ពឺ មានវិធានការដូចខាងក្រោម ៖

១-ដកហូតសញ្ញាបត្រដើមរបស់ សាយ សុវណ្ណ ម៉ក់សុខជា និង ខា វ៉េងហួត ។

២-ធ្វើលិខិតជូនមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ស្តីពីការក្លែងបន្លំឯកសារ ។

៣-ជូនដំណឹងទៅគណៈគិលានុបដ្ឋាក និង គណៈវិជ្ជាជីវៈសុខាភិបាលដទៃទៀត ដែរ បើមានភាពចាំបាច់ ដោយពួកគាត់ភាគច្រើនជាគិលានុបដ្ឋាក ហើយរមែងបានចុះបញ្ជីជាមួយគណៈគិលានុបដ្ឋាក ។

៤-ក្រោយមានវិធានការទាំងអស់ហើយ សូមលោកប្រធានរៀបចំអោយមានរបាយការណ៍ត្រឡប់មកថ្នាក់ជាតិវិញ ដើម្បីគណៈគ្រូពេទ្យជាតិរៀបចំផ្សព្វផ្សាយតាមគេហទំព័រ និង Facebook Page របស់គណៈគ្រូពេទ្យជាតិ ៕