អាកាសធាតុបន្តចុះត្រជាក់ ខណៈកម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ

48

ភ្នំពេញ៖អាកាសធាតុនៅកម្ពុជា នៅតែបន្តចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមាមានពី ១៣ ទៅ១៨អង្សាសេ និងអតិបរមា មានពី ២៧ ទៅ២៩អង្សាសេ នៅបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ខណៈនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា សីតុណ្ហភាពអប្បបរមា មានពី១៩ ទៅ២១អង្សាសេ និងអតិបរមា មានពី២៨ ទៅ៣២អង្សាសេ និងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យម នៅតំបន់ខ្ពង់រាបភាគខាងកើត។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ ។

ស្ថានភាពបែបនេះ ដោយសារកម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានចុះខ្សោយ ។ ហើយនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា នេះ កម្ពុជា នឹងទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក បញ្ជាក់ថា នៅតំបន់មាត់សមុទ្រនោះវិញ គឺសីតុណ្ហភាពអប្បបរមា មានពី ២៣ ទៅ២៥អង្សាសេ និងអតិបរមា មានពី ២៩ ទៅ៣១អង្សាសេ ខណៈនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា នេះ អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅបង្គួរផងដែរ៕